(ប៉េកាំង)៖ ក្រោយខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាព ដើម្បីព្យាយាមស្វែងរកជនរងគ្រោះប៉ុន្មានថ្ងៃមកនេះ ទីបំផុតអាជ្ញាធរចិន បានប្រកាសជាផ្លូវការថា មនុស្សសរុបទាំង១៣២នាក់ ធ្វើដំណើរលើយន្តហោះជើងហោះហើរ MU5735 ដែលធ្លាក់នៅតំបន់ក្វាងស៉ី (Guangxi) ភាគខាងត្បូងប្រទេសចិន កាលពីដើមសប្តាហ៍នេះ គឺបានបាត់បង់ជីវិតទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

យន្តហោះដឹកអ្នកដំណើរខាងលើ ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern និងមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្នុងគោលដៅធ្វើដំណើរពី ទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។ នៅលើនោះ មានវត្តមានអ្នកដំណើរ១២៣នាក់ និងក្រុមការងារយន្តហោះ៩នាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រអប់ខ្មៅទី១ ដែលជាឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះ ត្រូវបានរកឃើញ ខណៈប្រអប់ខ្មៅមួយទៀត ដែលជាឧបករណ៍កត់ត្រាទិន្នន័យហោះហើរ នៅមិនទាន់រកឃើញនៅឡើយ។ ជាមួយគ្នានេះ មូលហេតុនៃការធ្លាក់យន្តហោះ ក៏មិនទាន់អាចត្រូវសន្និដ្ឋានបានផងដែរ ខណៈតួយន្តហោះភាគច្រើន បានក្លាយទៅជាបំណែកតូចៗ ក្រោយពេលធ្លាក់ ហើយបំណែកសាកសពមនុស្សមួយចំនួន ត្រូវបានរកឃើញ៕