(វ៉ាសូវី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀតបាននោះទេ ដែល នេះមើលទៅហាក់ដូចជាការជំរុញឱ្យមានការផ្លាស់ប្ដូររបបដឹកនាំរុស្ស៊ីសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ នាឱកាសបំពេញទស្សនកិច្ចនៅឯទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ជាទីដែលលោកបានថ្កោលទោសសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបានហៅលោក ពូទីនជាថ្មីថាជា «ឃាតក»។ ថ្លែងទៅកាន់ពិធីជួបជុំមួយក្នុងទីក្រុងវ៉ាសូវី លោក បៃដិន បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «បុរសម្នាក់នេះ (លោក ពូទីន) មិនអាចបន្តកាន់អំណាចតទៅទៀតនោះទេ»

ប៉ុន្តែ ក្រោយមកភ្លាមៗនោះដែរ មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ បានអះអាងថាអ្វីដែលលោក បៃដិនបានលើកឡើងមិនមែនជាការផ្លាស់គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ។ «អ្វីដែលលោកប្រធានាធិបតី បៃដិនបានកត់សម្គាល់ នោះគឺចង់មានន័យថាលោក ពូទីនមិនអាចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ អំណាចលើបណ្ដាប្រទេសក្បែរខាង ឬក៏នៅក្នុងតំបន់ឡើយ ហើយលោកក៏មិនមែនចង់សំដៅទៅលើអំណាចរបស់លោក ពូទីន ក្នុងប្រទេសរុស្ស៊ី ឬក៏ការផ្លាស់ប្ដូរ របបដឹកនាំនោះដែរ»។ នេះជាការបញ្ជាក់របស់មន្ត្រីសេតវិមានដដែល។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីការអត្ថាធិប្បាយរបស់លោក បៃដិន, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានអះអាងថាអ្វីៗមិនមែន អាស្រ័យលើការសម្រេចចិត្តរបស់លោក បៃដិនទេ ពីព្រោះថាប្រធានាធិបតីរុស្ស៊ីត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាជនរុស្ស៊ី៕