(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ទ្រុស (Liz Truss) បាននិយាយថាទណ្ឌកម្មដែលបានដាក់លើជនជាតិរុស្ស៊ី និងក្រុមហ៊ុន អាចនឹងត្រូវបានលុបចោល ប្រសិនបើរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែន ហើយប្ដេជ្ញាចិត្តបញ្ចប់ការឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។

ការកត់សម្គាល់របស់លោកស្រី លីស ទ្រុស កើតមានឡើងនៅចំពេលចក្រភពអង់គ្លេស និងបណ្ដាប្រទេសលោកខាងលិចបាន និងកំពុងដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ជាការឆ្លើយតបទៅសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ លោកស្រី ទ្រុស បានអះអាងថាអាចនឹងមានការដក ឬលុបចោលទណ្ឌកម្ម បើទីក្រុងម៉ូស្គូ ព្រមបកក្រោយវិញ។

លោកស្រីបញ្ជាក់ដូច្នេះថា «ទណ្ឌកម្មទាំងនោះអាចនឹងត្រូវបានលុបចោល ដរាបណាមួយបទឈប់បាញ់មួយយ៉ាងពេញលេញ និងការដកទ័ពចេញ ប៉ុន្តែវាក៏ត្រូវតែមានការប្ដេជ្ញាចិត្តផងដែរថានឹងមិនមានការឈ្លានពានណាមួយនៅពេលអនាគត»

គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថាមកទល់នឹងបច្ចុប្បន្ន, ខ្លួនបានដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ី ដោយគិតទឹកប្រាក់ស្មើនឹង ៥០០ពាន់លានផោន ឬស្មើនឹង ៦៥៨.៦៥ពាន់លានដុល្លារ និងលើក្រុមអភិជនរុស្ស៊ី ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេដែលមានទ្រព្យសម្បត្តិ ច្រើនជាង ១៥០ពាន់លានផោន៕