(ឌូបៃ)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីត ខាទីបហ្សាដែស (Saeed Khatibzadeh) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកបានបន្តបំពានលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៉ីរ៉ង់ និង មហាអំណាចពិភពលោក បើទោះជាទីក្រុងវ៉ាស៊ីនតោនតែងតែអះថាខ្លួនមានបំណងស្ដារកិច្ចព្រមព្រៀងនេះឡើងវិញក៏ដោយ។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃពុធសប្ដាហ៍នេះ, សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនសំខាន់ៗរបស់អ៉ីរ៉ង់ សម្រាប់ការចូលរួមរបស់ពួកគេក្នុងការគាំទ្រកម្មវិធី មីស៊ីលផ្លោងរបស់ក្រុងតេហេរ៉ង់។ សកម្មភាពនេះ ត្រូវបានអ្នកនាំពាក្យរូបនេះពិព័រណ៌នាថា «វិធានការនេះគឺជាសញ្ញានៃការព្យាបាទមួយផ្សេងទៀត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះប្រជាជនអ៉ីរ៉ង់ ដោយសារគោលការណ៍នេះបានបន្តដាក់សម្ពាធជាអតិបរមាប្រឆាំងនឹងអ៉ីរ៉ង់»

គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ២២៣១ ចងភ្ជាប់ជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលអ៉ីរ៉ង់ និងប្រទេសមហាអំណាចកំពុងស្វែងរកកិច្ចចារឡើងវិញក្នុងទីក្រុងវីយែន។ ការចរចាបានឈានជិតដល់កិច្ចព្រមព្រៀង កាលពីដើមខែមីនា ប៉ុន្តែ រុស្ស៊ីបានជំទាស់ទៅនឹងការស្នើសុំរបស់សហរដ្ឋអាមេរិក។ សេតវិមានបានអះអាងថាទណ្ឌកម្មថ្មីនេះនឹងមិនរារាំងដំណើរការកិច្ចចរចានុយក្លេអ៊ែរ ប៉ុន្តបានអះអាងថាទណ្ឌកម្មនេះនឹងនៅតែមានដដែល បើទោះបីជាមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ៕