(សេអ៊ូល)៖ សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដែលគ្រោងរៀបចំឡើងនៅខែមេសា អាចនឹងប្រព្រឹត្តទៅក្នុង ទ្រង់ទ្រាយធំជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈភាពតានតឹងបានកើនឡើង ក្រោយការធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប ICBM របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

ក្រុមអ្នកវិភាគបានបង្ហាញការយល់ឃើញថា ទោះយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក មិនបានបញ្ជាក់ឱ្យច្បាស់អំពីទំហំនៃ សមយុទ្ធយោធារួមប្រចាំឆ្នាំសម្រាប់ឆ្នាំនេះក៏ដោយក្តី ការសម្ញែងអានុភាពយោធាខុសពីធម្មតា កាលពីពេលថ្មីៗនេះ នៅក្នុងនិងក្បែរតំបន់ឧបទ្វីបកូរ៉េឱ្យសញ្ញាថា សមយុទ្ធយោធាទ្រង់ទ្រាយធំរវាងសម្ព័ន្ធមិត្តទាំងពីរ ទំនងជានឹងកើតមានឡើង។

កូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់មីស៉ីលយ៉ាងកម្រ រួមជាមួយការបង្អួតបង្ហាញក្រុមយន្តហោះចម្បាំងដ៏ទំនើប F-35A ក្នុងចំនួនច្រើនមិនធ្លាប់មាន ខណៈវាគឺជាការឆ្លើយតបយ៉ាងច្បាស់ចំពោះ ការធ្វើតេស្តមីស៉ីលផ្លោង ICBM ដោយពេញលេញជាលើកដំបូង របស់កូរ៉េខាងជើងកាលពីសប្តាហ៍មុន។ ចំណែកយោធាអាមេរិកវិញ បានប្រកាសបង្កើនកិច្ចប្រឹងប្រែងយោធារបស់ខ្លួន នៅតំបន់សមុទ្រលឿង ហើយក៏បានធ្វើសមយុទ្ធនាវាផ្ទុកយន្តហោះចម្បាំង ដើម្បីដំឡើងសាច់ដុំ ដាក់ទីក្រុងព្យុងយ៉ាងផងដែរ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង បានរួមគ្នាធ្វើសមយុទ្ធយោធាដោយមិនសម្ញែងខ្លាំងឡើយ ដើម្បីព្យាយាមកុំឱ្យកូរ៉េខាងជើងខឹងសម្បារ ហើយចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំងឡើងវិញ៕