(ស៊ីដនី)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សភាអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះ កំហុសទាំងឡាយដែលខ្លួនបានធ្វើកាលពីអតីតកាល ជាមួយការព្រមានថាការបរាជ័យក្នុងការដាក់ទោសទីក្រុងមូស្គូ អាចនឹងជំរុញ ឬលើកទឹកចិត្តឱ្យ ប្រទេសដទៃយកគំរូតាម ក្នុងការឈ្លានពានប្រទេសក្បែរខាងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ក៏បានអំពាវនាវផងដែរឱ្យសហគមន៍អន្តរជាតិ បង្កើនដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរ ជាការសងសឹកទៅនឹងសកម្មភាពយោធារុស្ស៊ីដែល លោកហៅជាការឈ្លានពាន។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះថា «ប្រសិនបើយើងមិនបញ្ឈប់រុស្ស៊ីពេលនេះទេ, ប្រសិនបើយើង មិនអាចឱ្យរុស្ស៊ីទទួលខុសត្រូវលើទង្វើរបស់ពួកគេទេ នោះបណ្ដាប្រទេសដទៃនៅជុំវិញពិភពលោកដែលកំពុងសម្លឹងមើល និងរកឱកាសធ្វើសង្រ្គាម ដូចគ្នានេះប្រឆាំងនឹងប្រទេសក្បែររបស់ពួកគេ អាចនឹងធ្វើការសម្រេចចិត្តដូចជារុស្ស៊ីដែរ»

គួរបញ្ជាក់ថា ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនតួយ៉ាងដូចអូស្ត្រាលី បង្ហាញការព្រួយបារម្ភថាចិនអាចនឹងប្រើកម្លាំងយោធា វាយកាន់កាប់កោះតៃវ៉ាន់ លោក ហ្សេលេនស្គីផ្ទាល់មិនបានបញ្ជាក់ថាតើប្រទេសណាមួយដែលលោកចង់សំដៅថាអាចនឹងយកគំរូតាមរុស្ស៊ីនោះទេ៕