(កូឡុំបូ)៖ ប្រទេសសី្រលង្កា បានសម្រេចបិទភ្លើងនៅតាមដងផ្លូវ ដើម្បីសន្សំសំចៃអគ្គិសនី និងបង្កើនការផ្ដាច់ការផ្គត់ផ្គង់អគ្គិសនីដល់ ១៣ម៉ោង ក្នុងមួយថ្ងៃ ខណៈកំពុងប្រឈមមុខនឹងវិបត្តិខ្វះខាតថាមពលធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្រ្តីក្រសួងថាមពលសី្រលង្កា លោកស្រី ប៉ាវីត្រា វ៉ាន់ណៃរ៉ាច់ឈី (Pavithra Wanniarachchi) បានប្រាប់អ្នកសារព័ត៌មានថា ខណៈដែលវិបត្តិ សេដ្ឋកិច្ចក្នុងប្រទេសកាន់តែអាក្រក់ទៅ បាននាំឱ្យមានភាពរអាក់រអួលក្នុងទីផ្សារភាគហ៊ុនដោយសារតែតម្លៃហ៊ុនធ្លាក់ចុះ ធ្វើឲ្យមានការផ្អាកការធ្វើ ពាណិជ្ជកម្ម។

លោកស្រីបន្ថែមថា «យើងបានណែនាំដល់មន្រ្តីរបស់យើងរួចហើយ ឲ្យបិទភ្លើងបំភ្លឺតាមដងទូទាំងប្រទេស ដើម្បីសន្សំសំចៃ ហើយការដឹកជញ្ជូន ប្រេងម៉ាស៊ូក្រោមឥណទានចំនួន៥០០លានដុល្លារពីប្រទេសឥណ្ឌា រំពឹងថានឹងមកដល់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ»។ ប៉ុន្តែ លោកស្រីបានព្រមានថា ស្ថានភាពទំនងជាមិនប្រសើរឡើងវិញក្នុងពេលឆាប់ៗនោះទេ ដោយអាជ្ញាធរអាចត្រឹមតែកាត់បន្ថយម៉ោងផ្តាច់ចរន្តអគ្គិសនី បានក្នុងករណីដែល មានភ្លៀងធ្លាក់ អាចនៅក្នុងខែឧសភា ដូច្នេះការផ្តាច់អាចនឹងនៅតែបន្ត។

គួរបញ្ជាក់ថា ប្រទេសដែនកោះដែលមានប្រជាជន២២លាននាក់ កំពុងជួបបញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់ក្នុង១ថ្ងៃ ព្រោះរដ្ឋាភិបាលគ្មានថវិកា គ្រប់គ្រាន់ក្នុងការប្តូរយករូបិយបណ្ណបរទេស ដើម្បីទិញអគ្គិសនី ឬឥន្ធនៈសម្រាប់បញ្ឆេះម៉ាស៊ីនភ្លើង រីឯវារីអគ្គិសនីក៏ខ្វះទឹកក្នុងការផលិតថាមពល ថែមទៀតផង។ ក្រសួងថាមពលស្រីលង្កា ក៏បានស្នើសុំ ទៅកាន់រដ្ឋាភិបាលឲ្យបុគ្គលិកមួយចំនួន ធ្វើការពីផ្ទះដើម្បីឲ្យក្រសួងអាចគ្រប់គ្រង លទ្ធភាពប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលក្នុងប្រទេសបាន៕