(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ នេះបានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបញ្ជាឱ្យកែនទាហានថ្មីចំនួន ១៣៤,៥០០នាក់ចូលក្នុងជួរកងទ័ព ដែលជាផ្នែកនៃសេចក្តីព្រាងនិទាឃរដូវប្រចាំឆ្នាំរបស់រុស្ស៊ី ប៉ុន្តែក្រសួងការពារជាតិបាននិយាយថា ការអំពាវនាវនេះមិនមានពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

បទបញ្ជានេះបានកើតឡើង០៥សប្តាហ៍ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ដែលបង្កឱ្យមានការតស៊ូយ៉ាងខ្លាំងក្លានៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា ទាហានជើងគោកទាំងនេះនឹងមិនត្រូវបានបញ្ជូនទៅកាន់ «ចំណុចក្តៅ» ណាមួយឡើយ។

រឿងបញ្ជូនកូនទាហានទៅប្រយុទ្ធក្នុងសង្គ្រាម គឺជាបញ្ហារស៊ើបខ្លាំងណាស់។ កាលពីថ្ងៃទី៩ ខែមីនាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ការបញ្ជូនកូនទាហានមួយចំនួនទៅកាន់អ៊ុយក្រែន បន្ទាប់ពីលោកពូទីនបានបដិសេធរឿងនេះក្នុងឱកាសផ្សេងៗគ្នា ដោយនិយាយថា មានតែទាហាន និងមន្ត្រីជំនាញប៉ុណ្ណោះដែលត្រូវបានបញ្ជូន។

ក្រឹត្យរបស់ពូទីនបានលើកឡើងថា ការកែនកងទ័ពនិទាឃរដូវប្រចាំឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែកក្កដា នឹងប៉ះពាល់ដល់បុរសរុស្ស៊ី ដែលមានអាយុពី១៨ ទៅ ២៧ឆ្នាំ។

លោក Shoigu គូសបញ្ជាក់ថា អ្នកដែលត្រូវបានកោះហៅនឹងចាប់ផ្តើមបញ្ជូនទៅកាន់មូលដ្ឋានទ័ព ដែលបានកំណត់សម្រាប់ពួកគេនៅចុងខែឧសភា។ លោកបានបន្ថែមថា «បុគ្គលិកយោធាភាគច្រើននឹងត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនរយៈពេលពី៣ទៅ ៥ខែ៕