(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្របានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយច្បាប់រក្សាគម្លាតសង្គមរបស់ខ្លួនបន្ថែមទៀត នៅសប្តាហ៍ក្រោយ ហើយអាចនឹងលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ១៩ មួយចំនួនទៀតនៅចុងខែនេះ រួមទាំងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក វ៉ុន ដឹកឆុល (Kwon Deok-cheol) បាននិយាយថា «ចាប់ពីថ្ងៃទី០៤ ខែមេសា តទៅ អាហារដ្ឋាន រួមទាំងអាជីវកម្មផ្សេងទៀត នឹងអាចបន្តឲ្យបើកដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រ ខណៈកន្លងមកបានត្រឹមម៉ោង១១យប់ ហើយការជួបជុំជាលក្ខណៈឯកជន អាចអនុញ្ញាឲ្យមានចំនួនមនុស្សដល់១០នាក់។ រដ្ឋាភិបាលនឹងពិចារណាការដកការរឹតបន្តឹង ថែមទៀត ប្រសិនបើករណីប្រចាំថ្ងៃបន្តធ្លាក់ចុះ ហើយប្រព័ន្ធវេជ្ជសាស្ត្រសម្រាប់ទទួលបន្ទុកលើអ្នកជំងឺធ្ងន់ធ្ងរ អាចគ្រប់គ្រងបាន ដោយមានស្ថិរភាពក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងកូវីដ១៩ ចំនួន២៨០,២៧៣នាក់ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ចំនួន១៣,៣៧៥,៨១៨នាក់ ដោយមានអ្នកស្លាប់១៦,៥៩០នាក់។ ជិត៨៧ភាគរយ នៃប្រជាជនកូរ៉េខាងត្បូង៥២លាននាក់ ទទួលបានការចាក់វ៉ាក់សាំងពេញលេញ ខណៈ៦៤ភាគរយបានចាក់ដូសជំរុញ៕