(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) និងនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនការការពារសម្រាប់ពលករចំណាកស្រុក បន្ទាប់ពីកិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងពីរ នៅទីក្រុងហ្សាការតា (Jakarta)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះ បានធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភ អំពីសុវត្ថិភាពពលករចំណាកស្រុក បន្ទាប់ពីឧប្បត្តិហេតុមួយចំនួន ពាក់ព័ន្ធនឹងការរំលោភបំពានលើ ពលករឥណ្ឌូណេស៊ី ដែលបម្រើការងារតាមផ្ទះ នៅក្នុងប្រទេសម៉ាឡេស៊ី។

លោកមេដឹកនាំម៉ាឡេស៊ី បាននិយាយបន្ទាប់ពីកិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខានៅវិមានរដ្ឋាភិបាលថា «អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងធានាថា រាល់នីតិវិធីនិងយន្តការការពារនានា ដែលនឹងត្រូវធ្វើឡើងគ្រប់ជ្រុងជ្រោយ ដោយភាគីពាក់ព័ន្ធទាំងអស់ និងស្របទៅតាមច្បាប់នៃប្រទេសទាំងពីរ»

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងផ្គូរផ្គងពលករឥណ្ឌូណេស៊ីជាមួយនឹងនិយោជកសមស្រប ខណៈវាជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ដែលរួមបញ្ចូលផងដែរនូវការពង្រឹងការការពារប្រាក់ឈ្នួល រួមទាំងយន្តការដាក់ពាក្យបណ្តឹងជាដើម៕