(ប៉េកាំង)៖ ប្រជុំកោះ Malvinas ក្នុងប្រទេសអាហ្សង់ទីន ត្រូវបានត្រួតត្រាដោយអង់គ្លេស ចាប់តាំងពីសតវត្សទី១៩កន្លងមក។ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ១៩៨២ ប្រទេសអាហ្សង់ទីនបានធ្វើសង្រ្គាមជាមួយអង់គ្លេស ដើម្បីដណ្ដើមនូវអធិបតេយ្យភាពលើប្រជុំកោះ Malvinas ត្រឡប់មកវិញ។ សង្រ្គាមនេះមានរយៈពេល៧៤ថ្ងៃ ហើយបានបញ្ចប់ដោយជ័យជំនះរបស់អង់គ្លេស។

ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ គឺជាខួបទី ៤០ នៃការផ្ទុះឡើងនៃសង្រ្គាម ប្រជុំកោះ Malvinas។ ថ្វីត្បិតតែសង្គ្រាមបានបញ្ចប់ទៅហើយ ប៉ុន្តែសង្រ្គាមនេះជាការចងចាំ ដែលមិនអាចបំភ្លេចបានសម្រាប់ប្រជាជនអាហ្សង់ទីន ជាពិសេសអតីតយុទ្ធជនអាហ្សង់ទីន ដែលបានចូលរួមក្នុងសង្គ្រាម។

លោក Ramon Lopez ប្រធានសហព័ន្ធអតីតយុទ្ធជនជាតិអាហ្សង់ទីន ដែលមានអាយុ ៥៩ឆ្នាំបានថ្លែងថា បទពិសោធន៍ដែលខ្ញុំចងចាំបំផុត គឺការប្រយុទ្ធនៅយប់ថ្ងៃទី១ ខែឧសភា។ ការទម្លាក់គ្រាប់បែក ដោយកងទ័ពជើងទឹកអង់គ្លេសនៅយប់នោះ គឺមិននឹកស្មានដល់ទេសម្រាប់ពួកយើង ហើយទ្រង់ទ្រាយនៃការទម្លាក់គ្រាប់បែកក៏មិនអាចបំភ្លេចបានដែរ។

លោក Oswaldo Aguirre ទាហានជើងចាស់នៃសង្រ្គាមប្រជុំកោះ Malvinas ដែលមានអាយុ ៦៦ឆ្នាំ បានថ្លែងថា នៅចុងបញ្ចប់នៃសង្រ្គាម ខ្ញុំបានក្លាយជាឈ្លើយសឹករបស់អង់គ្លេស។ ខ្ញុំត្រូវបានជនជាតិអង់គ្លេស ចាប់ឃុំអស់រយៈពេល ៣០ថ្ងៃ។ ពួកយើងស្ថិតក្នុង កាលៈទេសៈដ៏វឹកវរ ជាពិសេសរស់នៅក្នុងទីសត្តឃាត ដែលគេបោះបង់ចោល គ្មានអាហារហូប មានតែអាហារមួយពេលរៀងរាល់ ១៦ ម៉ោងម្តង មិនអនុញ្ញាតឱ្យទៅបន្ទប់ទឹក និងងូតទឹក។

ការវិលត្រឡប់ដោយទទួលបានភាពបរាជ័យ គឺជាការឈឺចាប់ក្នុងបេះដូងរបស់អតីតយុទ្ធជន និងប្រជាជនអាហ្សង់ទីន ដែលបានចូលរួមសង្គ្រាមប្រយុទ្ធបង្ហូរឈាម ដើម្បីដណ្តើមយកប្រជុំកោះ Malvinas មកវិញ។ លោក Ramon Lopez បន្តថា និយាយចំពោះប្រជាជនអាហ្សង់ទីនទាំងអស់ យើងមានការខកចិត្តជាខ្លាំងចំពោះអ្នកឈ្លានពានដូចជាប្រទេសអង់គ្លេស ដែលបានឈ្លានពានយើងជាច្រើនដង។ អង់គ្លេសបានឈ្លានពានយើងជាច្រើនដងក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្ននេះ ពួកគេនៅតែកាន់កាប់ប្រជុំកោះ Malvinas ដដែល។ យើងបានតស៊ូព្យាយាមដើម្បីទទួលបានអធិបតេយ្យភាពលើប្រជុំកោះ Malvinas អស់រយៈជិត ១៩០ ឆ្នាំមកហើយ។

បច្ចុប្បន្ននេះ ប្រជុំកោះ Malvinas ស្ថិតនៅក្រោមការគ្រប់គ្រងជាក់ស្តែងរបស់អង់គ្លេស ហើយពលរដ្ឋអាហ្សង់ទីន ដែលចង់ធ្វើដំណើរលើប្រជុំកោះ Malvinas ត្រូវតែប្រើលិខិតឆ្លងដែន ដូចជាពួកគេចេញទៅក្រៅប្រទេសអញ្ចឹងដែរ។ រយៈពេល៤០ឆ្នាំ បានកន្លងផុតទៅ អតីតយុទ្ធជនទាំងនេះ រដ្ឋាភិបាល និងប្រជាជនអាហ្សង់ទីន តែងតែសម្តែងការទាមទាររបស់ពួកគេ ដើម្បីអធិបតេយ្យភាពលើប្រជុំកោះ Malvinas ក្នុងកាលៈទេសៈផ្សេងៗ ហើយស្នើឱ្យអង់គ្លេសត្រឡប់ទៅតុចរចាវិញ ដើម្បីដោះស្រាយបញ្ហាសេសសល់ នៃប្រវត្តិសាស្ត្រអាណានិគមនិយមនេះ។

លោក Ramon Lopez បន្តថា បច្ចុប្បន្ននេះ រដ្ឋាភិបាលរបស់អាហ្សង់ទីនទាមទារអធិបតេយ្យភាពលើប្រជុំកោះ Malvinas ដោយសន្តិវិធី ប៉ុន្តែអង់គ្លេសមិនបានធ្វើការពិភាក្សាអំពី អធិបតេយ្យភាពជាមួយអាហ្សង់ទីននៅឡើយទេ៕