(ប៉េកាំង)៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបពិភាក្សាជាមួយលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ នៅសង្កាត់ Tunxi ខេត្ត An’hui ប្រទេសចិន។

លោក Wang Yi បានថ្លែងទៀតថា ភាគីចិនរីករាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយភាគីថៃ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងចិននិងថៃ ស្ថិតនៅជួរមុខនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ភាគីទាំងពីរត្រូវបង្កើនការពិគ្រោះពិភាក្សា អំពីផែនការកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» និងផែនការប្រតិបត្តិរួម ពន្លឿនការកសាងផ្លូវដែកចិន-ថៃ ដើម្បីតភ្ជាប់ជាមួយផ្លូវដែកចិន-ឡាវនៅភាគខាងជើងរបស់ប្រទេសថៃ ហើយពិគ្រោះពិភាក្សាអំពីការតភ្ជាប់ផ្លូវដែកថៃ សិង្ហបុរី និងម៉ាឡេស៊ីនៅភាគខាងត្បូងរបស់ប្រទេសថៃ ដើម្បីជំរុញឱ្យកំណាត់កណ្តាល នៃផ្លូវរថភ្លើងអន្តរអាស៊ីតភ្ជាប់ទាំងស្រុង។ យកការអនុវត្ត «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)» ជាឱកាស ស្វែងរកសក្តានុពល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យបច្ចេកវិទ្យាអេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល ថាមពលថ្មីជាដើម។

តាមការឆ្លើយតប លោក Don Pramudwinai បានថ្លែងថា ភាគីថៃយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអនុវត្តគំនិតភាពរួមដ៏សំខាន់ ដែលមេដឹកនាំរបស់ប្រទេសទាំងពីរបានឈានដល់ ហើយរីករាយរួមសហការជាមួយភាគីចិន ក្នុងការកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលស្នើឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន។ សង្ឃឹមថា ថៃនិងចិនអាចពង្រឹងនិងពង្រីកពាណិជ្ជកម្មកសិផល និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងដៃគូតភ្ជាប់គ្នា ធានាសុវត្ថិភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍប្រកបដោយចីរភាព៕