(ប៉េកាំង)៖ បន្ទាប់ពីឧបទ្វវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern បានកើតឡើង គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានយកចិត្តទុកដាក់ខ្ពស់ចំពោះឧបទ្វវហេតុនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្តល់អនុសាសន៍សំខាន់ភ្លាមៗ តម្រូវឱ្យធ្វើការរុករក និងជួយសង្គ្រោះដោយពេញទំហឹង រៀបចំចាត់ចែងកិច្ចការពាក់ព័ន្ធ បន្ទាប់ពីឧបទ្ទវហេតុដោយសមរម្យ ហើយបានចាត់បញ្ចូនសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ឱ្យទៅក្រុង Wuzhou ខេត្តក្វាងស៊ី ដើម្បីណែនាំ ការងារគ្រប់វិស័យ។ នៅថ្ងៃទី២៤ ខែមីនា លោក Xi Jinping ក៏បានផ្តល់អនុសាសន៍សំខាន់ អំពីផលិតកម្មប្រកបដោយសុវត្ថិភាពផងដែរ។

នៅថ្ងៃទី៣១ ខែមីនា លោក Xi Jinping បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈមិបក្ស កុម្មុយនិស្តចិន ដើម្បីស្តាប់របាយការណ៍អំពីសភាពដោះស្រាយបន្ទាន់ សិក្សាស្រាវជ្រាវ និងរៀបចំចាត់ចែងការងារជំហានបន្ទាប់ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។

ដើម្បីអនុវត្តស្មារតី នៃអនុសាសន៍សំខាន់ របស់លោក Xi Jinping ប្រធានរដ្ឋចិន កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ និងទូរស័ព្ទស្តីពី ផលិតកម្មប្រកបដោយសុវត្ថិភាពទូទាំងប្រទេសចិន បានបើកធ្វើនៅក្រុង ប៉េកាំងកាលពីថ្មីៗកន្លងទៅនេះ ដោយបានរៀបចំចាត់ចែង ការងារសម្រាប់ពង្រឹងការងារផលិតកម្ម ប្រកបដោយសុវត្ថិភាព ដោយគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំលើកនេះក៏បានដាក់ចេញ វិធានការចំនួន ១៥ ដើម្បីពង្រឹងបន្ថែមទៀតនូវការអនុវត្ត ការទទួលខុសត្រូវផលិតកម្ម ប្រកបដោយសុវត្ថិភាព និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវឧបទ្ទវហេតុធំៗ៕