(ប៉េកាំង)៖ ប្រទេសចិនបានរាយការណ៍ពីករណីថ្មីសរុបចំនួន ១៣,២៨៧ករណីសម្រាប់ថ្ងៃទី០២ ខែមេសាកន្លងទៅ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ ដោយភាគច្រើននៅក្នុងខេត្ត Jilin និងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុងសៀងហៃ ដែលស្ទើរតែបិទទីក្រុងទាំងស្រុងនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២។

អាជ្ញាធរចិនបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីដែលបានបញ្ជាក់ខាងលើនេះមាន១,៤៥៥ នាក់ជាករណីឆ្លងក្នុងស្រុកដោយ៩៥៦ករណី ត្រូវបានរកឃើញនៅក្រុង Jilin និង ៤៣៨នាក់ រាយការណ៍ចេញពីទីក្រុងសៀងហៃ។

អាជ្ញាធរក្រុងសៀងហៃនៅថ្ងៃអាទិត្យនេះបានបញ្ជាឱ្យប្រជាជនចំនួន២៦លាននាក់របស់ខ្លួន ធ្វើតេស្តរកជំងឺកូវីដ១៩ ចំនួនពីរជុំ ខណៈដែលកំហឹងជាសាធារណៈកាន់តែខ្លាំងឡើងចំពោះរបៀបដែលអាជ្ញាធដែលកំពុងដោះស្រាយការកើនឡើងនៃករណីឆ្លង។

មន្ត្រីរដ្ឋាភិបាលក្រុងសៀងហៃបានប្រាប់សន្និសីទសារព័ត៌មានថា អ្នកស្រុកគួរតែធ្វើតេស្តដោយខ្លួនឯងដោយប្រើឧបករណ៍ antigen ហើយរាយការណ៍ពីលទ្ធផលតេស្តរបស់ខ្លួនក្នុងករណីវិជ្ជមាន ខណៈដែលការធ្វើតេស្តអាស៊ីត nucleic នឹងត្រូវបានធ្វើឡើងទូទាំងទីក្រុងនៅថ្ងៃចន្ទស្អែក៕