(កៀវ)៖ ទេសាភិបាលធនាគារកណ្តាលអ៊ុយក្រែនបាននិយាយថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបង្កកនៅបរទេស គួរតែត្រូវប្រើប្រាស់ដើម្បីកសាងអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២។

លោក Kyrylo Shevchenko បានប្រាប់ BBC ថា «តម្រូវការសម្រាប់លុយសម្រាប់ការសាងសង់អ៊ុយក្រែនឡើងវិញនឹងមានទំហំធំធេង។ វាអាចត្រូវបានបំពេញតាមរយៈប្រាក់កម្ចី និងជំនួយពីអង្គការអន្តរជាតិនានា ព្រមទាំងជំនួយផ្ទាល់ពីប្រទេសផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ ការផ្តល់ហិរញ្ញប្បទានមួយភាគធំគឺត្រូវការជាចាំបាច់ ដើម្បីទទួលបានសំណងពីអ្នកឈ្លានពាន រួមទាំងមូលនិធិដែលបច្ចុប្បន្ន ត្រូវបានបង្កកនៅក្នុងប្រទេសសម្ព័ន្ធមិត្តរបស់យើង»។

គួរបញ្ជាក់ថា ភាគច្រើននៃទុនបម្រុងរូបិយប័ណ្ណបរទេសចំនួន៦៣០ពាន់លានដុល្លារអាមេរិករបស់រុស្ស៊ីដែលរក្សាទុកនៅបរទេស ត្រូវបានបង្កកដោយប្រសិទ្ធភាព ដោយទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕