(មូស្គូ)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បានផ្ដល់ឱ្យលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នូវឱកាសមួយសម្រាប់ កិច្ចព្រមព្រៀងសន្តិភាព តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងកងទ័ពរុស្ស៊ីបើកការវាយប្រហារ ដែលលោកខាងលិចហៅថាជាការឈ្លានពាន ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបដិសេធ។ នេះបើតាមកាសែតអាមេរិក Wall Street Journal ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

បើតាម Wall Street Journal ការស្នើឡើងនូវកិច្ចព្រមព្រៀងសន្តិភាពរបស់លោក សូលស៍ គឺជាការ ប្រឹងប្រែងចុងក្រោយ ដើម្បីផ្សះផ្សារ ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ តែមិនដល់មួយសប្ដាហ៍ទេ មុននឹងសង្រ្គាមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនេះ។ កាសែត អាមេរិកមួយនេះ បានឱ្យដឹងទៀតថាលោកអធិការបតីអាល្លឺម៉ង់បានប្រាប់លោក ហ្សេលេនស្គី ក្នុងទីក្រុងមុយនិចកាលពីថ្ងៃ១៩ ខែកុម្ភៈ ឱ្យបោះបង់ចោលមហិច្ឆតាចូលជាសមាជិក NATO ហើយប្រកាសអព្យាក្រឹត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខអឺរ៉ុបរវាងលោកខាងលិច និងរុស្ស៊ី។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងសន្តិភាពនេះក៏ទំនងជានឹងត្រូវបានចុះហត្ថលេខារដោយលោក បៃដិន និងលោក ពូទីនផងដែរ ដែលអាចនឹងចូលរួមធានាសន្តិសុខឱ្យអ៊ុយក្រែន។

តែទោះជាបែបនេះក្ដី, លោក ហ្សេលេនស្គី បានច្រានចោលការស្នើឡើងនេះ ដោយបញ្ជាក់ថាលោក ពូទីន ជាមនុស្សមិនអាចទុកចិត្តបាន ទេ ហើយក៏មិនអាចរក្សាពាក្យសន្យាបាននោះដែរ។

គួរបញ្ជាក់ថា បើតាម Wall Street Journal លោក អូឡាហ្វ សូលស៍ និងលោក ហ្សេលេនស្គី បានជួបគ្នានៅក្នុងថ្ងៃនៃការរៀបចំសន្និសីទ សន្តិសុខទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ៕