(ប៊ូឆា)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទប្រកាន់ថាកងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុង ទីក្រុងប៊ូឆា (Bucha) ខណៈបណ្ដាប្រទេសលោកខាងលិចព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីបន្ថែមប្រឆាំងនឹងទីក្រុងមូស្គូ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៊ី បានច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែន ដោយនិយាយថារូបភាព និងវីដេអូដែលបង្ហាញពីសាកសពជនស៊ីវិល នៅក្នុងទីក្រុងប៊ូឆា គឺជាសកម្មភាពបង្ករឿងថ្មីមួយទៀតពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន។ រូបភាព និងវីដេអូជាច្រើនដែលត្រូវបានគេអះអាងថា ផ្តិតយកទិដ្ឋភាពចេញពីទីក្រុងប៊ូឆា ស្ថិតនៅចម្ងាយ ៣៧គីឡូម៉ែត្រពីរដ្ឋធានីកៀវ កើតមានឡើងក្រោយអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះបានប្រកាសខ្លួនដណ្ដើមគ្រប់គ្រងតំបន់រដ្ឋធានីកៀវទាំងស្រុង និងរំដោះបានទីក្រុងជាច្រើនពីដៃកងទ័ពរុស្ស៊ី។

បើតាមអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោកស្រី អ៉ីរីណា វិននេឌីគតូវ៉ា (Iryna Venediktova) សាកសពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេ ប្រទះឃើញនៅតាមទីក្រុងច្រើន ក្បែររដ្ឋធានីកៀវ ក្នុងនោះមានសាកសពមនុស្ស ១៤០នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើប្រល័យពូជសាសន៍។

គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិចព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីបន្ថែមប្រឆាំងនឹងទីក្រុងមូស្គូ ក្រោយមានសេចក្ដីរាយការណ៍ពីការសម្លាប់រង្គាលជនស៊ីវិលក្នុងទីក្រុងប៊ូឆា រីឯរុស្ស៊ីបានស្នើឱ្យកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់នៅថ្ងៃចន្ទសប្ដាហ៍នេះដើម្បីពិភាក្សាគ្នា ពីអ្វីដែលទីក្រុងមូស្គូហៅថាជាការបង្ករឿងរបស់ក្រុមជាតិនិយមអ៊ុយក្រែនក្នុងទីក្រុងប៊ូឆា៕