(សៀងហៃ)៖ ប្រទេសចិនបានបញ្ជូនយោធា និងបុគ្គលិកសុខាភិបាល រាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយអនុវត្តការធ្វើតេស្តរក មេរោគ COVID-19 សម្រាប់ប្រជាជនចំនួន ២៦លាននាក់ ដែលនេះជាការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតមួយមិនធ្លាប់មាន។ នេះ បើយោងតាមការចះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ កងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ជូនបុគ្គលិកពេទ្យច្រើនជាង ២,០០០នាក់ មកពី កងទ័ពជើងគោក និងជើងទឹក រួមទាំងកងកម្លាំងគាំទ្រផ្នែកភស្ដុភារ ទៅកាន់ទីក្រុងសៀងហៃ។ តាមការប៉ាន់ប្រមាណបុគ្គលិកសុខាភិបាល ដែលមកពីខេត្តជាំងស៊ូ (Jiangsu), ហ្ស៊េជាំង (Zhejiang) និងប៉េកាំង មានចំនួនសរុបលើសពី ១០,០០០នាក់។

ដោយឡែក គ្រាន់តែនៅក្នុងខេត្តហ៊ូប៉ី (Hubei) កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនបុគ្គលិកពេទ្យជាង ៤,០០០នាក់ ទៅកាន់ទីនោះ ជាកន្លែងដែល COVID-19 ត្រូវបានរកឃើញមុនគេក្នុង ទីក្រុងវូហាន (Wuhan)។

គួរបញ្ជាក់ថា ទីក្រុងសៀងហៃ ដែលបានអនុវត្តវិធានការបិទខ្ទប់ជាពីរដំណាក់កាល កាលពីថ្ងៃចន្ទសប្តាហ៍មុន បានពង្រីកវិសាលភាពនៃ
វិធានការនេះលើប្រជាជនទាំងអស់របស់ខ្លួនឱ្យស្នាក់នៅក្នុងផ្ទះបណ្ដោះអាសន្ន ខណៈមានរបាយការណ៍ពីការឆ្លង COVID-19 គ្មានរោគសញ្ញា ចំនួន ៨,៥៨១នាក់ និងមានរោគសញ្ញាចំនួន ៤២៥នាក់ កាលពីថ្ងៃទី៣ ខែមេសា។

អ្នកប្រជាជនមួយចំនួនត្រូវបានស្នើសុំឱ្យក្រោកពីព្រឹកព្រលឹម ដើម្បីធ្វើតេស្តក្នុងបរិវេណលំនៅដ្ឋានរបស់ពួកគេ ហើយនេះជាការឆ្លើយតបផ្នែក សុខភាពសាធារណៈដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីបានដោះស្រាយការផ្ទុះឡើងជាលើកដំបូងនៃជំងឺ COVID-19 នៅក្នុងទីក្រុង Wuhan នាដើមឆ្នាំ២០២០មក៕