(វ៉ាសូវី)៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសប៉ូឡូញ លោក យ៉ារ៉ូស្ល កាហ្ស៉ីនស្គី (Jaroslaw Kaczynski) បានអំពាវនាវឱ្យសហរដ្ឋអាមេរិកពង្រីក វត្តមានកងទ័ពកាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប ដោយដាក់ពង្រាយកម្លាំងបន្ថែមទៀតនៅតាមបណ្ដោយព្រំដែននៃប្រទេសរុស្ស៉ី ហើយបើអាចទៅ រួចគឺដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីប៉ូឡូញតែម្ដង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

លោក Kaczynski ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយកាសែតអាល្លឺម៉ង់ វែល អាំ សុនថាគ (Welt am Sonntag)។ ថ្លែងនាឱកាសនោះ លោកបបញ្ជាក់ដូច្នេះថា «ប៉ូឡូញនឹងស្វាគមន៍ ប្រសិនបើកងទ័ពអាមេរិក បង្កើនវត្តមានរបស់ពួកគេនៅក្នុងទ្វីបអឺរ៉ុបពីចំនួន ១០០,០០០នាក់ នាពេលច្ចុប្បន្ន ដល់ ១៥០,០០០នាក់នាពេលអនាគត ដោយសារតែការកើនឡើងនៃការឈ្លានពានរបស់រុស្ស៉ី»

លោក Kaczynski បានបន្ថែមថា កងទ័ពអាមេរិក ៧៥,០០០នាក់នៅក្នុងទ្វីបអឺរ៉ុបគួរតែឈរជើងជាអចិន្ត្រៃយ៍ នៅតាមបណ្ដោយព្រំដែន នៃតំបន់អឺរ៉ុបខាងកើតរបស់អង្គការណាតូ (NATO) ជាប់ព្រំដែនរុស្ស៊ី។ បើតាមលោក Kaczynski, ប៉ូឡូញក៏នឹង «បើកចំហ» ចំពោះវត្តមាន អាវុធនុយក្លេអ៊ែរដែលដាក់ពង្រាយនៅតាមព្រំដែនរបស់ខ្លួនផងដែរ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកបានឆ្លៀតរិះគន់លើអាល្លឺម៉ង់
ថា «មានទំនោរទៅរកទីក្រុងម៉ូស្គូ»

គួរបញ្ជាក់ថា ប៉ូឡូញ បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាការឆ្លើយតបទៅនឹងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន រួមមានទាំង ការហាមឃាត់សហភាពអឺរ៉ុបទាំងស្រុង មិនឱ្យធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ីផងដែរ ហើយកាលពីខែមុន ខ្លួនក៏បានស្វែងរកមធ្យោបាយ ដើម្បីផ្ដល់យន្តហោះចម្បាំង MiG ដល់ប្រទេសអ៊ុយក្រែនទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូឡូញ ក៏ចង់ឱ្យសហរដ្ឋអាមេរិកធ្វើ ជាអន្តរការីសម្រាប់ការផ្ទេរយន្តហោះ។ ប៉ុន្តែត្រូវបានទីក្រុងវ៉ាស៊ីនតោនបានបដិសេធជាយថាហេតុ ព្រោះវាអាចនឹងបង្កឲ្យមានសង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៊ី៕