(ឡុងដ៍)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាពួកគេនឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍសមត្ថភាពអាវុធ ឬមីស៊ីលល្បឿនលឿនជាងសំឡេង និងប្រព័ន្ធ electronic warfare នៅក្រោមក្របខណ្ឌនៃសម្ព័ន្ធភាពសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងក្នុងចេតនាខ្ទប់ឥទ្ធិពលចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបានបញ្ជាក់ដូច្នេះថា «យើង...បានប្ដេជ្ញាចិត្តនៅថ្ងៃនេះថានឹង ចាប់ផ្ដើមកិច្ចសហប្រតិបត្តិការត្រីភាគីថ្មីមួយ លើការអភិវឌ្ឍសមត្ថភាពអាវុធល្បឿនលឿនជាងសំឡេង, អាវុធទប់ទល់នឹងអាវុធល្បឿនលឿនជាង សំឡេង និងប្រព័ន្ធ electronic warfare ព្រមទាំងពង្រីកការចែករំលែកព័ត៌មាន ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិតខាងវិស័យ ការពារជាតិផងដែរ»

គួរបញ្ជាក់ដា រុស្ស៊ី ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងជើង សុទ្ធតែបានដឹកនាំការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង តែព្រមពេលជាមួយគ្នា រុស្ស៊ី ត្រូវបានគេមើលឃើញថាកំពុងនាំមុខគេលើបច្ចេកវិទ្យាអាវុធប្រភេទនេះ ដោយកាលពីប៉ុន្មានសប្ដាហ៍មុន មូស្គូបានប្រើប្រាស់ជាក់ស្ដែងនូវមីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារកម្ទេចគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន៕