(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ក្រសួងការបរទេសអាមេរិកបានអនុម័តក្នុងការលក់បរិក្ខារយោធាទំនើបៗ ទៅឲ្យកោះតៃវ៉ាន់ រួមទាំងផ្តល់ការបណ្តុះបណ្តាល ក្នុងការប្រើប្រាស់ប្រព័ន្ធខែលការពារមីស៊ីល Patriot នៅក្រោមកិច្ចព្រមព្រៀងមួយមានទំហំ ទឹកប្រាក់៩៥លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីជូនដំណឹងទៅកាន់សភា មន្ទីរបញ្ចកោណ បានបញ្ជាក់ដូច្នេះថា «ការយល់ព្រមលក់បរិក្ខារយោធាតបតាមសំណើរបស់កោះតៃវ៉ាន់ នាពេលនេះ គឺដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក រួមទាំងផលប្រយោជន៍សន្តិសុខតាមរយៈការគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងជួយតៃវ៉ាន់ ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឲ្យរក្សាបាននូវសមត្ថភាពការពារដែលអាចទុកចិត្តបាន»

បើតាមមន្ទីរបញ្ចកោណ កញ្ចប់យោធាខាងលើ នឹងរួមបញ្ចូល ការហ្វឹកហ្វឺន, រៀបចំផែនការ, ការដាក់ពង្រាយកម្លាំងធ្វើប្រតិបត្តិការ និងការថែទាំ ប្រព័ន្ធការពារដែនអាកាសរបស់កោះតៃវ៉ាន់ផងដែរ។

ដោយឡែក ជុំវិញអនុម័តការលក់អាវុធខាងលើនេះដែរ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានកត់សម្គាល់ថា «នេះជាការលក់អាវុធលើកទីបីដែល ត្រូវបានប្រកាសចាប់តាំងពីប្រធានាធិបតីចូ បៃដិន ឡើងកាន់តំណែង ហើយសកម្មភាពនេះបានបង្ហាញពីលក្ខណៈរឹងមាំនៃទំនាក់ទំនងរវាង តៃវ៉ាន់-អាមេរិក។ អ្នកនាំពាក្យប្រធានាធិបតីតៃវ៉ាន់ គឺលោក ហ្សាវីយ៉េ ចាង (Xavier Chang) បានបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «តៃវ៉ាន់នឹងបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពារខ្លួន និងបន្តធ្វើឱ្យភាពដៃគូសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅថែមទៀត»

គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ, ទោះបីជាមានការយល់ព្រមពីក្រសួងការបរទេសអាមេរិកក៏ដោយ តែការជូនដំណឹងនេះមិនបានបង្ហាញថា កិច្ចសន្យាលក់បិរក្ខារយោធា ទៅឲ្យកោះតៃវ៉ាន់ត្រូវបានចុះហត្ថលេខា ឬការចរចាបានបញ្ចប់នោះទេ ខណៈក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon អាចនឹងក្លាយជាម៉ៅការលើការលក់បរិក្ខាយោធានេះ៕