(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារបន្ថែមទៀត ក្នុងនោះរួមទាំងប្រព័ន្ធការពារប្រឆាំងរថក្រោះផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ប្លីនខិន បានកត់សម្គាល់ដូច្នេះថា «ខ្ញុំបានទទួលបទបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីប៉ុន្មាន ថ្ងៃមុននេះ ឲ្យដកថវិកាចំនួន១០០លានដុល្លារ ដើម្បីបំពេញតម្រូវការបន្ទាន់របស់អ៊ុយក្រែន ដែលត្រូវការជាចាំបាច់នូវប្រព័ន្ធអាវុធប្រឆាំងរថក្រោះ»

គួរបញ្ជាក់ថា ការប្រកាសផ្ដល់ជំនួយយោធាបន្ថែមឱ្យអ៊ុយក្រែនរបស់លោក ប្លីនខិន ធ្វើឡើងចំពេលបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ចំពោះ អំពើឃោរឃៅលើជនស៊ីវិល ពីសំណាក់កងទ័ពរុស្ស៉ីក្នុងទីក្រុងប៊ូចា ប៉ុន្តែទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់បែបនេះ៕