(យូអិន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun) នៅថ្ងៃអង្គារសប្តាហ៍នេះ បានចេញមុខព្រមានប្រឆាំងនឹង ចំណាត់ការផ្សេងៗ ដែលអាចដុតបញ្ឆេះឱ្យមានវិបត្តិ ដូចជាសង្រ្គាមនៅអ៊ុយក្រែន កើតមានឡើងនៅកន្លែងដទៃទៀតលើពិភពលោក នៅពេលលោកត្រូវបានសួរសំណួរ ទាក់ទងសេចក្តីប្រកាសអំពីការសហការគ្នាអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២។

លោក Zhang បានថ្លែងយ៉ាងដូច្នេះថា «អ្នកទាំងឡាយ ដែលមិនចង់ឃើញវិបត្តិដែលកំពុងកើតឡើងនៅអ៊ុយក្រែន គួរតែកុំធ្វើទង្វើណា ដែលអាចនាំឱ្យកន្លែងដទៃទៀតលើពិភពលោក ធ្លាក់ចូលទៅក្នុងវិបត្តិបែបនេះ។ ដូចឃ្លាបុរាណចិនពោលថា ប្រសិនបើអ្នកចូលចិត្តវាទេនោះ ចូរខ្លួនអ្នកផ្ទាល់ កុំអនុវត្តវាប្រឆាំងអ្នកដទៃទៀត»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកឯកអគ្គរដ្ឋទូតចិនធ្វើឡើង បន្ទាប់ពីសម្ព័ន្ធមិត្តអាមេរិក-អង់គ្លេស-អូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍រួម ប្រកាសអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ សមត្ថភាពអាវុធ ឬមីស៉ីលល្បឿនលឿនជាងសំឡេង ក៏ដូចជាសមត្ថភាពសង្រ្គាមអេឡិចត្រូនិច នៅក្រោមក្របខណ្ឌនៃសម្ព័ន្ធភាពសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើង ក្នុងចេតនារាំងខ្ទប់ឥទ្ធិពលចិន៕