(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសនៅថ្ងៃពុធនេះថាខ្លួននឹងអនុវត្តការយកពន្ធ ៣៥ភាគរយ លើទំនិញទាំងអស់ដែលនាំចូលពីរុស្ស៊ី ហើយនឹងពង្រីកវិសាលភាពនៃការហាមឃាត់លើការនាំចេញដែលមានស្រាប់ ចំពោះផលិតផលឧស្សាហកម្មមានជាប់ពាក់ព័ន្ធនឹងជិតស្និទ្ធនឹង ឧស្សាហកម្មជាយុទ្ធសាស្រ្តរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោកស្រី ណាន់នៀយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដូចច្នេះថា «រូបភាព និង របាយការណ៍ដែលបានរំលេចឡើងនូវអំពើឃោរឃៅចំពោះជនស៊ីវិល នៅក្នុងទីក្រុងប៊ូចា (Bucha) និងតំបន់ផ្សេងទៀតនៃអ៊ុយក្រែន គឺគួរឲ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន ដូច្នេះនូវែលសេឡង់ នឹងនៅតែបន្តឆ្លើយតបចំពោះទង្វើដ៏គឃ្លើនដែលកើតចេញពីគំនិតរបស់លោក ពូទីននេះ»

លោកស្រីបន្ថែមថា រដ្ឋាភិបាលនូវែលសេឡង់ រំពឹងថានឹងដាក់ចេញនូវវិធានការបន្ថែមទៀត ដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន និងបង្កើនសម្ពាធលើ រដ្ឋាភិបាលទីក្រុងមូស្គូ ខណៈពន្ធបន្ថែមលើការនាំចូលរបស់រុស្ស៊ី ដែលត្រូវបានប្រកាសនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី២៥ ខែមេសាតទៅ៕