(ហែលស៉ិនគី)៖ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក ប៉េកកា ហាវីស្ដូ (Pekka Haavisto) បាននិយាយថា រដ្ឋាភិបាលហ្វាំងឡង់នឹងផ្ញើជូនឱ្យសភាជាតិ នូវការត្រួតពិនិត្យឡើងវិញអំពីការចូលជាសមាជិកអង្គការណាតូ (NATO) នៅពាក់កណ្តាលខែមេសានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២១។

សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានជំរុញឱ្យហ្វាំងឡង់ដែលមានព្រំដែនរួមជាមួយរុស្ស៊ី បង្កើនការពិភាក្សាអំពីអត្ថប្រយោជន៍សក្តានុពលនៃការចូលរួម ជាមួយបក្សសម្ព័ន្ធយោធា NATO។ លោក Haavisto បានបង្ហើបថាថ្នាក់ដឹកនាំនៃប្រទេសហ្វាំងឡង់បាន និងកំពុងពិភាក្សាអំពីបញ្ហានេះជាមួយ សមាជិកណាតូស្ទើរតែទាំងអស់ ក៏ដូចជានិយាយអំពីបញ្ហានេះ ស្ទើរតែជារៀងរាល់ថ្ងៃជាមួយស៊ុយអែតដែលកំពុងពិចារណាចូលរួមក្នុងប្លុកយោធានេះផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Pekka Haavisto លើកឡើងថាហ្វាំងឡង់ចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ការសងសឹកពីរុស្ស៊ី ហើយចាំស្ដាប់ថាតើប្រទេសជាសមាជិកណាតូ នឹងមានប្រតិកម្មយ៉ាងណា»។ លោកបន្ថែមថា «យើងមិនចាំបាច់ធ្វើការសម្រេចចិត្តរហ័សពេកលើវិស័យការពារជាតិរបស់យើងនោះទេ ប៉ុន្តែប្រាកដណាស់ថា ការស្នើសុំសមាជិកភាព អាចនាំឱ្យយើងក្លាយជាគោលដៅនៃការជ្រៀតជ្រែក ឬសកម្មភាពចម្រុះ»

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សានណា ម៉ារីន (Sanna Marin) បាននិយាយក្នុងអំឡុងការជួបជុំ របស់គណៈប្រតិភូគណបក្សសង្គមប្រជាធិបតេយ្យថា ការឈ្លានពានអ៊ុយក្រែនដោយរុស្ស៉ី បានធ្វើឱ្យបាត់បង់ការជឿទុកចិត្តរវាងទីក្រុងហែលស៉ិនគី និងទីក្រុងមូស្គូ ដោយ «មិនអាចត្រឡប់ក្រោយវិញបាន»។ លោកបញ្ជាក់ដូច្នេះថា «រុស្ស៊ីមិនមែនជាអ្នកជិតខាងដែលយើងធ្លាប់គិតទៀតនោះទេ។ យើង ទទួលស្គាល់ថាទាំងការចូលរួម និងមិនចូលរួមជាសមាជិកអង្គការណាតូ គឺជា «ជម្រើសដែលមានផលវិបាក»។ ដូច្នេះការសម្រេចចិត្តគួរតែ ត្រូវបានធ្វើឡើង «យ៉ាងហ្មត់ចត់ ប៉ុន្តែយ៉ាងឆាប់រហ័ស» នៅនិទាឃរដូវនេះ៕