(ហ្សាការតា)៖ ក្រសួងច្បាប់ និងសិទ្ធិមនុស្សនៃប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់ចេញ ឡើងវិញនូវគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាន (ASEAN) ដែលមានបំណងចូលមកទស្សនកិច្ចក្នុង ប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

ប្រធានផ្នែកចរាចរណ៍អន្តោប្រវេសន៍ លោក អាំរ៉ាន់ អារីស (Amran Aris) បានបញ្ជាក់យ៉ាងដូចច្នេះថា «ជាមួយនឹងគោលនយោបាយថ្មីខាងលើនេះ ជនបរទេសមកពីប្រទេសជាសមាជិកអាស៊ានចំនួន ៩ផ្សេងទៀត អាចចូលមកប្រកាន់ប្រទេសឥណ្ឌូណេស៉ីបាន ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការឡើយ»

ប្រជាជនមកពីប្រទេសអាស៊ាន គ្រាន់តែតម្រូវឱ្យបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងការធ្វើតេស្ត PCR ជាមួយលទ្ធផលអវិជ្ជមាន រយៈពេល ៤៨ម៉ោងមុនពេលមកដល់ ហើយប្រើប្រាស់កម្មវិធី PeduliLindungi ដើម្បីតាមដាននៅលើទូរស័ព្ទដៃ។ ពួកគេលែងត្រូវតម្រូវឱ្យធ្វើតេស្ត PCR នៅពេលមកដល់ទៀតទេ តែត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅរាងកាយ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង យុកយ៉ាការតា (Yogyakarta), ម៉ាកាស់សា (Makassar), មេដាន (Medan) និង ផេកាន់បារូ (Pekanbaru) នៃប្រទេសឥណ្ឌូណេស៊ី បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបានបិទអស់រយៈពេលជាង ២ឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺ COVID-19៕