(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូន ប្រព័ន្ធមីស៉ីលការពារដែនអាកាស ភេទ្រាត (Patriot) មួយគ្រឿង ទៅកាន់ប្រទេសស្លូវ៉ាគី បន្ទាប់ពីស្លូវ៉ាគីបានបរិច្ចាគប្រព័ន្ធ S-300 ដែលខ្លួនមានតែមួយគ្រឿងគត់ ឱ្យទៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Financial Times នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

លោក បៃដិន បាននិយាយថា ប្រព័ន្ធ Patriot នឹងជួយសម្រួលដល់ការផ្ទេរប្រព័ន្ធ S-300 ពីស្លូវ៉ាគីទៅអ៊ុយក្រែន ហើយនឹងធានានូវសន្តិសុខ សម្រាប់ស្លូវ៉ាគីផងដែរ។ បើតាមសេតវិមាន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចជាច្រើនសាឱ្យលោក បៃដិន ព្យាយាមជួយជំរុញឱ្យមានការផ្តល់ប្រព័ន្ធ S-300។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយថា កងទ័ពអាមេរិកផ្ទាល់ នឹងជាអ្នកធ្វើប្រតិបត្តិការប្រព័ន្ធ Patriot ហើយវានឹងទៅដល់ប្រទេសស្លូវ៉ាគី ក្នុងពេលប៉ុន្មានថ្ងៃទៀត ខណៈរយៈពេលនៃវត្តមានរបស់វានៅទីនោះ គឺមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ។

លោក ចូ បៃដិន ក៏បានគូសបញ្ជាក់ដែរថា ទីក្រុងវ៉ាស៉ីនតោន នឹងខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្តល់សព្វាវុធឱ្យទៅអ៊ុយក្រែន ស្របពេលដែលរុស្ស៉ីកំពុងត្រៀមលក្ខណៈ សម្រាប់ដំណាក់កាលបន្ទាប់នៃសង្រ្គាមរបស់ខ្លួន៕