(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា ខ្លួនកំពុងប្រមូលមកវិញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៧៦៤,៩០០ដូសដែលផលិតដោយក្រុមហ៊ុនជាប់កិច្ចសន្យារបស់ខ្លួន Rovi ពីបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុប បន្ទាប់ពីដបមួយត្រូវបានរកឃើញថា សមាសធាតុខាងក្រៅមួយ នៅក្នុងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

ក្រុមហ៊ុន Moderna បានបញ្ជាក់ថា គ្មានបញ្ហាសុវត្ថិភាពអ្វី ត្រូវបានរកឃើញនៅក្នុងក្រុមវ៉ាក់សាំង ដែលត្រូវបានចែកចាយ នៅក្នុង ប្រទេសន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ អេស្ប៉ាញ និងស៊ុយអែត កាលពីខែមករា កន្លងទៅនេះទេ។ ក្រុមហ៊ុន Moderna បន្ថែមថា សមាសធាតុនោះ ត្រូវបានរកឃើញតែនៅក្នុងដបមួយប៉ុណ្ណោះ ខណៈការប្រមូលមកវិញទាំងក្រុមបែបនេះ គឺដើម្បីជាការប្រុងប្រយ័ត្ន ។ ក្រុមហ៊ុនមិនបានប្រាប់លម្អិតថា សមាសធាតុអ្វីឱ្យប្រាកដ ដែលត្រូវបានរកឃើញនៅក្នុងដប ដែលខូចនោះឡើយ។

គួរបញ្ជាក់ថា អាជ្ញាធរជប៉ុន កាលពីឆ្នាំមុន ក៏បានផ្អាកការប្រើប្រាស់វ៉ាក់សាំងមួយចំនួនរបស់ Moderna ដែលក្រោយមកក្រុមហ៊ុននេះ ក៏បានប្រមូលមកវិញផងដែរ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញ សមាសធាតុដែកអ៊ីណុកនៅក្នុងដបមួយចំនួន។ មកទល់បច្ចុប្បន្ន វ៉ាក់សាំង Moderna ជាង ៩០០លានដូស ត្រូវបានចាក់នៅទូទាំងពិភពលោក៕