(មើសស៉ីង)៖ ក្រុមមន្រ្តីប៉ូលិសម៉ាឡេស៉ី នៅថ្ងៃសៅរ៍នេះបានរាយការណ៍ឱ្យដឹងថា ស្ត្រីជនជាតិបារាំងម្នាក់ និងបុរសជនជាតិអង់គ្លេសម្នាក់ដែលបានបាត់ខ្លួនក្នុងសមុទ្រ ខណៈពេលកំពុងមុជទឹកនៅឆ្នេរសមុទ្រនៃប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានរសាត់អណ្ដែតទៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រអស់រយៈពេលពីរថ្ងៃកន្លះ បន្ទាប់ពីពួកគេបានបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

អ្នកនាង អាឡិចសៀ អាឡិចសាន់ដ្រា ម៉ូលីណា (Alexia Alexandra Molina) អាយុ ១៨ឆ្នាំមកពីប្រទេសបារាំង និងលោក អេឌ្រាន ភីតឺ ឆេស្ទើ (Adrian Peter Chesters) អាយុ ៤៦ឆ្នាំមកពីប្រទេសអង់គ្លេស ស្ថិតនៅក្នុងក្រុមមនុស្សចំនួន ៤នាក់ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះ នៅក្នុងការហ្វឹកហាត់មុជទឹកនៅជិតកោះ តូកុង សាងហ្កុល (Tokong Sanggol) ជាកោះតូចមួយដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងមើសស៉ីង (Mersing) ប្រទេសម៉ាឡេស៉ី។

ក្រុមមន្ត្រីប៉ូលិស បាននិយាយថា អ្នកនេសាទបានប្រទះឃើញអ្នកនាង Molina និងលោក Chesters នៅវេលាម៉ោងប្រហែល ០១៖០០នាទីរំលងអាធ្រាត្រថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នៅកោះ ប៊ីនតាន (Bintan) របស់ប្រទេសឥណ្ឌូណេស៉ី ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសសិង្ហបុរី និងប្រហែល ១០០គីឡូម៉ែត្រពីភាគខាងត្បូងនៃកន្លែងដែលពួកគេបានបាត់ខ្លួន។

មេប៉ូលិសទីក្រុង Mersing លោក ស៉ីរីល អេដវ៉ាដ នូអ៉ីង (Cyril Edward Nuing) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ពួកគេស្ថិតក្នុងស្ថានភាពធម្មតា និងស្ថិតក្រោមការសង្កេត ប៉ុន្តែពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការសម្ភាសន៍នោះទេ។ យើង នឹង ធ្វើ ការ សម្ភាសន៍ពួកគេឱ្យ បាន ឆាប់ នៅ ពេលដែលពួក គេ ត្រៀម ខ្លួនរួចរាល់»

លោក Cyril Edward Nuing បានបន្ថែមថា «អាជ្ញាធរឥណ្ឌូណេស៊ី នឹងអនុវត្តប្រតិបត្តិការស្វែងរកកូនប្រុសអាយុ ១៤ឆ្នាំរបស់លោក Chesters ដែលមានសញ្ជាតិហូឡង់ ឈ្មោះ ណាថាន់ រេន ឆេស្ទើ (Nathan Renze Chesters) ខណៈដែលគាត់ទំនងជាបានរសាត់អណ្ដែតចូលទៅក្នុងដែនទឹករបស់ពួកគេ។ យើងជឿថា មានលទ្ធភាពខ្ពស់ដែលគាត់លែងនៅក្នុងដែនទឹកម៉ាឡេស៊ី ដោយផ្អែកលើចលនានៃចរន្តទឹកសមុទ្រ ក៏ដូចជាពេលវេលា និងទីតាំងដែលជនរងគ្រោះផ្សេងទៀតត្រូវបានរកឃើញ»