(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានផ្ដួលលោកស្រី ម៉ារីន ឡឺប៉ែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ និងជា ជុំចុងក្រោយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបន្តកាន់អំណាចរយៈពេល ៥ឆ្នាំ ក្នុងអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

បើតាមសន្លឹកឆ្នោតដែលរាប់បាន ៩៧ភាគរយ លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ ៥៨.៥៥ភាគរយ ខណៈលោកស្រី ឡឺប៉ែន ទទួលបាន ៤១.៤៥ភាគរយ។ ប៉ុន្តែ នៅក្នុងសុន្ទរកថាប្រកាសពីជ័យជម្នះ លោក ម៉ាក្រុង បានទទួលស្គាល់ថាប្រជាជនបារាំងមួយចំនួនបានបោះឆ្នោតគាំទ្រ រូបលោក គឺដោយសារតែពួកគេមិនចង់ឱ្យលោកស្រី ឡឺប៉ែន ធ្វើជាប្រធានាធិបតីតែប៉ុណ្ណោះ ហើយបានសន្យាថានឹងដោះស្រាយបញ្ហាដែល នៅសេសសល់ពីអាណត្តិមុនរបស់លោក, ស្វែងរកសាមគ្គីភាពជូនជាតិ និងជាពិសេសគឺស្ដង់ដាររស់នៅរបស់ប្រជាជនបារាំងតែម្ដង។

ថ្លែងទៅកាន់អ្នកគាំទ្រ លោក ម៉ាក្រុង បានបញ្ជាក់ដូច្នេះថា «ប្រជាជនមួយចំនួននៅក្នុងប្រទេសនេះ បានបោះឆ្នោតឱ្យខ្ញុំ មិនមែនដោយសារតែ ពួកគេគាំទ្រគំនិតរបស់ខ្ញុំនោះទេ ប៉ុន្តែពួកគេមិនចង់អ្នកស្ដាំនិយមជ្រុលកាន់អំណាចតែប៉ុណ្ណោះ។ តែខ្ញុំនៅតែអរគុណដល់ពួកគេ ហើយខ្ញុំដឹងថាខ្ញុំ ជំពាក់បំណុលពួកគេ នៅឆ្នាំខាងមុខៗ»។

គួរបញ្ជាក់ថា ភ្លាមៗក្រោយចេញលទ្ធផលបោះឆ្នោត លោកស្រី ម៉ារីន ឡឺប៉ែន ក៏បានទទួលស្គាល់បរាជ័យរបស់ខ្លួនផងដែរ ប៉ុន្តែលោកស្រី អះអាងថានឹងនៅតែបន្តតស៊ូយកជ័យជម្នះឱ្យបាន នៅក្នុងការបោះឆ្នោតសភាបារាំង នៅខែមិថុនាខាងមុខនេះ៕