(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចថា កំពុងព្យាយាមបំផ្លាញរុស្ស៉ី ហើយទាមទារឱ្យក្រុមរដ្ឋអាជ្ញា ប្រកាន់យកនូវជំហរដ៏តឹងរ៉ឹងជាមួយនឹងអ្វីដែលលោកបានហៅថាជាផែនការដែលរៀបចំឡើង ដោយចារកម្មបរទេស ដើម្បីបំបែកបាក់ប្រទេស និងបង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

ថ្លែងទៅកាន់រដ្ឋអាជ្ញាកំពូលរុស្ស៊ី លោក ពូទីន បានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចថា បានញុះញង់អ៊ុយក្រែនឱ្យរៀបចំផែនការវាយប្រហារ លើអ្នកសារព័ត៌មានរុស្ស៊ី តែទីក្រុងកៀវ បានបដិសេធ។ លោក ពូទីនបន្ថែមថាបណ្ដាប្រទេសលោកខាងលិចបានដឹងថា អ៊ុយក្រែនមិនអាចយកឈ្នះរុស្ស៉ី ក្នុងសង្រ្គាមបាន ដូច្នេះបានផ្លាស់ប្តូរទៅផែនការផ្សេងមួយទៀត នោះគឺការបំផ្លាញរុស្ស៉ី។

«កិច្ចការមួយទៀតរបស់បណ្ដាប្រទេសលោកខាងលិច គឺដើម្បីបំបែកសង្គមរុស្ស៉ី និងបំផ្លាញផ្ទៃក្នុងរុស្ស៉ី។ ប៉ុន្តែ វានឹងមិនដំណើរការទេ។ ស្ថាប័នប្រព័ន្ធ ផ្សព្វផ្សាយបរទេស និងប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារចារកម្មបណ្ដាប្រទេសលោកខាងលិចដើម្បីរៀបចំផែនការបង្កហេតុ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៉ី»។ នេះជាការបញ្ជាក់របស់លោក ពូទីន។

ទោះជាយ៉ាងណា លោកពូទីន មិនបានផ្តល់ភស្តុតាងភ្លាមៗ ដើម្បីគាំទ្រការថ្លែងរបស់លោកទេ ហើយទីភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនអាចផ្ទៀងផ្ទាត់ការចោទប្រកាន់នេះភ្លាមៗបានដែរ៕