(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាស តែងតាំងអ្នកការទូតជើងចាស់ម្នាក់គឺ លោកស្រី ប្រ៊ីដហ្គេត ប៊ីរង (Bridget Brink) ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសអ៊ុយក្រែន ដើម្បីបំពេញ មុខតំណែងដ៏សំខាន់ដែលនៅទំនេរអស់រយៈពេលជិត ៣ឆ្នាំ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

លោកស្រី Bridget Brink ដែលបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសស្លូវ៉ាគី គឺជាអ្នកការទូតអាជីពជើងចាស់រយៈពេល ២៥ឆ្នាំហើយ និងធ្លាប់ បានធ្វើការនៅប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) និងហ្ស៊កហ្ស៉ី (Georgia) ក៏ដូចជាធ្លាប់បម្រើការនៅក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើននៅក្នុង ក្រសួងការបរទេសអាមេរិក និងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា «ជនជាតិអាមេរិក ដែលរស់នៅក្នុងរដ្ឋមីឈីហ្គែន (Michigan) ដែលអាច និយាយភាសារុស្ស៉ី និងដែលមានបទពិសោធន៍ជាច្រើនទសវត្សរ៍ ដូចជាលោកស្រី Bridget Brink ធ្វើឱ្យលោកស្រីស័ក្តិសមបំផុតសម្រាប់ ពេលវេលានេះនៅក្នុងប្រវត្តិសាស្រ្តរបស់អ៊ុយក្រែន»

ប៉ុន្តែ ការតែងតាំងរបស់លោក បៃដិន នៅត្រូវទទួលស្គាល់ដោយព្រឹទ្ធសភាអាមេរិក លើមុខតំណែងរបស់លោកស្រី ដែលជាតំណែងនៅទំនេរ ចាប់តាំងពី អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោកស្រី ម៉ារៀ យ៉ូវ៉ាណូវិច (Marie Yovanovitch) ត្រលប់មកវិញ ភ្លាមៗ កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។

គួរបញ្ជាក់ថា ការប្រកាសតែងតាំងនេះ បានធ្វើឡើងក្នុងកំលុងពេលដំណើរទស្សនកិច្ច កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ទៅកាន់រដ្ឋធានីកៀវ (Kyiv) នៃប្រទេសអ៊ុយក្រែន ជាដែលពួកគេបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodomyr Zelenskiy) និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀត៕