(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ទីភ្នាក់ងារសេវាសន្តិសុខសហព័ន្ធ (FSB) បានរារាំងការប៉ុនប៉ងឃាតកម្មលើអ្នកកាសែតមួយរូបរបស់ទូរទស្សន៍រុស្ស៉ី គឺលោក វ្ល៉ាឌីមៀ សូលូវយ៉េវ (Vladimir Solovyev)។ នេះបើយោងតាមការដកស្រង់ផ្សាយពី សារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

សំដៅទៅកាន់ប្រទេសលោកខាងលិច ដោយមិនបានផ្តល់ភស្តុតាងណាមួយ, លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ពួកគេបានឈានទៅរក ភេរវនិយម ដោយការរៀបចំធ្វើឃាតលើអ្នកកាសែតរបស់យើង»

FSB បានរាយកាណ៍ថា ខ្លួនបានចាប់ខ្លួនសមាជិកនៃក្រុម «ភេរវករណេអូណាហ្ស៉ី» (neo-Nazi terrorist) ចំនួន៦នាក់ ដែលបានរៀបចំផែនការធ្វើឃាត លើអ្នករាយការណ៍ព័ត៌មាននៃប៉ុស្តិ៍ទូរទស្សន៍ ដែលគាំទ្រវិមានក្រឹមឡាំងតាមការបញ្ជាពីទីភ្នាក់ងារសេវាសន្តិសុខអ៊ុយក្រែន។ បច្ចុប្បន្ន សមាជិកក្រុមនៃ អង្គការភេរវករដែលត្រូវបានហាមឃាត់ ក្នុងប្រទេសរុស្ស៊ីនេះកំពុងត្រូវបានឃុំខ្លួន។

គួរបញ្ជាក់ថា លោក Solovyev គឺជាអ្នកសម្របសម្រួលកម្មវិធីជជែកពិភាក្សានយោបាយ តាមកញ្ចប់ទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៉ី តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ។ លោកត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម និងចោទថាជាអ្នកឃោសនាឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ៕