(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ ប្រជាជនចិននៅក្នុងសង្កាត់ដទៃៗទៀតនៃទីក្រុងប៉េកាំង បានឈរតម្រង់ជួរគ្នាដើម្បីទទួលការធ្វើតេស្តរក COVID-19 ខណៈអាជ្ញាធរនៃរដ្ឋធានីរបស់ប្រទេសចិន កំពុងប្រឹងប្រែងទប់ស្កាត់កុំឱ្យការឆ្លងរីករាលដាលកាន់តែខ្លាំង ដើម្បីបញ្ចៀសការអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដូចនៅទីក្រុងសៀងហៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងប៉េកាំងបានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំ លើមនុស្សចំនួន៣.៥លាននាក់ នៅឯសង្កាត់ធំជាងគេរបស់ខ្លួន គឺសង្កាត់ ឆាវយ៉ាង (Chaoyang)។ ក្រោយមក អាជ្ញាធរក៏បានសម្រេចកំណត់ឱ្យសង្កាត់ចំនួន១០ និងតំបន់អភិវឌ្ឍសេដ្ឋកិច្ចមួយទៀត ត្រូវរៀបចំការធ្វើតេស្តដូចគ្នាក្នុងសប្តាហ៍នេះ ដែលគ្របដណ្តប់លើមនុស្សសរុប២០លាននាក់។ ក្នុងចំណោមនោះ ១៦លាននាក់ ត្រូវចាប់ផ្តើមធ្វើតេស្ត នៅថ្ងៃអង្គារនេះតែម្តង។ ទីក្រុងប៉េកាំងទាំងមូល មានប្រជាជនរស់នៅសរុបប្រមាណ ២២លាននាក់។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយ ទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៣នាក់ និងមិនទាន់មានករណីស្លាប់ទេ កំលុងរលកឆ្លងរាលដាលថ្មីចុងក្រោយនេះ ហើយករណីឆ្លងសរុបវិញ គឺនៅទាបជាងឆ្ងាយ បើប្រៀបធៀបនឹងករណីរាប់សែន នៅសៀងហៃ។ ទីក្រុងសៀងហៃដែលមានមនុស្សរស់នៅ ២៥លាននាក់ ទើបតែបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួនជាង ១៥,០០០នាក់ ដែលភាគច្រើនជាករណីឆ្លងមិនចេញរោគសញ្ញា និងស្លាប់ថ្មី៥២នាក់ទៀត ខណៈវិធានការបិទខ្ទប់ បានបន្តជាង១ខែមកហើយ៕