(យូអិន)៖ សមាជិកចំនួន ១៩៣ប្រទេស នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នឹងបោះឆ្នោតនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) លើសេចក្ដីព្រាងដំណោះស្រាយមួយ ដែលនឹងតម្រូវឱ្យសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ UN ប្រើប្រាស់សិទ្ធវេតូរបស់ពួកគេ ដោយមានហេតុផលត្រឹមត្រូវជាងមុន នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

ការពិភាក្សាលើកំណែទម្រង់សិទ្ធវេតូ គឺជារឿងកម្រកើតមួយ និងពោរពេញដោយភាពចម្រូងចម្រាសផងដែរ ប៉ុន្តែវាត្រូវបានលើកយកមកពិភាក្សាឡើងវិញ ដោយសារតែការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។

ចំណាត់ការខាងលើ មានគោលដៅដោយផ្ទាល់ទៅលើសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង និងចក្រភពអង់គ្លេស ដែលជាអ្នកកាន់សិទ្ធិវេតូតែ៥គត់ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ UN ហើយវាត្រូវគេរំពឹងថា នឹងធ្វើបង្ខំឱ្យប្រទេសទាំងនេះ ត្រូវបង់លះបង់តម្លៃផ្នែកនយោបាយខ្ពស់ជាងមុន នៅពេលដែលពួកគេជ្រើសរើសប្រើសិទ្ធវេតូរបស់ខ្លួន ដើម្បីរារាំងដំណោះស្រាយណាមួយ របស់ក្រុមប្រឹក្សាសន្តិសុខ។

គួរបញ្ជាក់ថា យ៉ាងណាក្តី វានៅមិនទាន់ច្បាស់នៅឡើយទេថា តើគោលដៅកំណែទម្រង់នេះ នឹងអាចជំរុញឱ្យសមាជិកអចិន្ត្រៃយ៍ទាំង៥ ប្រើសិទ្ធវេតូតិចជាងមុន ឬក៏ជំរុញឱ្យពួកគេប្រើកាន់តែច្រើនជាងមុនថែមទៀត។ សំណើធ្វើកំណែទម្រង់សិទ្ធវេតូឡើងវិញខាងលើ ដែលផ្តួចផ្តើមឡើងដោយប្រទេសលិចតិនស្តាញនាពេលនេះ ទទួលបានការគាំទ្រដោយ ៦០ប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ៕