(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៉ិម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) បាននិយាយថា នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាស់សេហ៍ សូហ្ការ៉ា (Manasseh Sogavare) បានប្រាប់គណៈប្រតិភូជប៉ុន ដែលកំពុងបំពេញទស្សនកិច្ច នៅថ្ងៃអង្គារនេះថា លោកគ្មានចេតនាអនុញ្ញាតឱ្យចិនបង្កើតមូលដ្ឋានយោធា នៅក្នុងប្រទេសរបស់លោកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

ប្រទេសជប៉ុន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបញ្ជូនអនុរដ្ឋមន្រ្តីការបរទេស លោក ខេនតារ៉ូ អ៊ិស៊ូហ្គិ (Kentaro Uesugi) ទៅកាន់ប្រទេសដីកោះសូឡូម៉ុន ចំពេលមានការព្រួយបារម្ភ អំពីកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខ ដែលទើបត្រូវបានចុះហត្ថលេខា ជាមួយប្រទេសចិន ខណៈវាត្រូវគេមើលឃើញថា អាចបង្កើនឥទ្ធិពលយោធារបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់ចិន គឺខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខជាមួយប្រទេសដីកោះ Solomon កាលពីដើមខែមេសានេះ ជាហេតុនាំកើនការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ ទីក្រុងវ៉ាស៉ីនតោន និងសម្ព័នមិត្តដែល រួមមានទាំងជប៉ុនផងដែរ ដោយថា កិច្ចព្រមព្រៀងនេះ នឹងពង្រីកកម្លាំងយោធាចិននៅក្នុងតំបន់៕