(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធ Raytheon បានព្រមាននៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុននឹងមិនអាចបំពេញតម្រូវការស្ដុក របស់មន្ទីរបញ្ចកោណបាននោះទេ យ៉ាងហោចណាស់ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតែការខ្វះខាតគ្រឿងអេឡិចត្រូនិច។ នេះបើយោងតាម ការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

ខណៈមីស៊ីលប្រឆាំងរថក្រោះ និងយន្តហោះដែលអាមេរិកផ្តល់ដល់ទីក្រុងកៀវ កំពុងត្រូវបានប្រើប្រាស់ដើម្បីទប់ទល់ជាមួយកងកម្លាំងរុស្ស៉ី, នាយកប្រតិបត្តិក្រុមហ៊ុន Raytheon លោក ហ្ក្រេច ហាយយេស (Greg Hayes) បានគូសបញ្ជាក់ថា «ការផលិតមីស៊ីល Stinger ថ្មីអាចនឹងចំណាយ ពេលច្រើនឆ្នាំ ដោយសារការខ្វះសមាសធាតុផលិត, យើងត្រូវរចនាឡើងវិញនូវគ្រឿងអេឡិចត្រូនិកមួយចំនួននៃមីស៊ីល និងក្បាលគ្រាប់ហើយវាអាច នឹងចំណាយពេលបន្តិច»។ លោក Hayes បានសំដៅជាពិសេសទៅលើ Stinger ដែលជាមីស៊ីលប្រឆាំងយន្ដហោះចម្បាំង និងការពារដែនអាកាសដែល មន្ទីរបញ្ចកោណកំពុងផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាន និងកំពុងបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ Javelin ទៅកាន់ទីក្រុងកៀវ ខណៈមន្ត្រីអ៊ុយក្រែនបានប្រាប់សហរដ្ឋអាមេរិក កាលពីខែមុនថាពួកគេត្រូវការមីស៊ីល Stingers និងមីស៊ីលប្រឆាំងរថក្រោះ Javelin ចំនួន៥០០គ្រឿងក្នុងមួយថ្ងៃ។ បើតាមក្រុមហ៊ុន Raytheon ខ្លួនមិន បានផលិត Stingers សម្រាប់យោធាអាមេរិក រយៈពេលជិត២០ឆ្នាំមកហើយ ដូច្នេះស្តុកសម្ភារៈមានកំណត់ ហើយមន្ទីរបញ្ចកោណ កំពុងធ្វើការយ៉ាងសកម្ម ដើម្បីប្រមូលធនធាននៃសម្ភារៈទាំងនោះ៕