(វ៉ាស៉ីនតោន)៖ លទ្ធផលនៃការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និង Ipsos ដែលបានបញ្ចប់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបង្ហាញថា ប្រជាជនអាមេរិកចំនួន៧៣ភាគរយ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន ដែលជាកម្រិតខ្ពស់បំផុតនៃការគាំទ្រ ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន កាលពីខែកុម្ភៈកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

ការស្ទង់មតិរយៈពេល២ថ្ងៃខាងលើ បានកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងបង្កើនផែនការក្នុងការបញ្ជូនអាវុធធុនធ្ងន់ ដល់ប្រទេសអ៊ុយក្រែន ហើយខណៈដែលមន្ត្រីជាន់ខ្ពស់រុស្ស៊ី បានព្រមានបណ្ដាប្រទេសលោកខាងលិចថា មិនគួរមើលស្រាលពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរនោះទេ។

ការស្ទង់មតិចុងក្រោយបំផុត បានបង្ហាញពីសំឡេងគាំទ្រភាគច្រើន ក្នុងចំណោមក្រុមអ្នកប្រជាធិបតេយ្យ និងក្រុមអ្នកសាធារណរដ្ឋភាគច្រើន ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី ហើយនិយាយថាពួកគេចង់បាន បេក្ខជននៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅថ្ងៃទី៨ ខែវិច្ឆិកា ដែលគាំទ្រជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន។

ដោយឡែក ភាពតានតឹងកាន់តែកើនខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ក៏កំពុងជំរុញឱ្យមានការព្រួយបារម្ភផងដែរថា រុស្ស៊ីអាចព្យាយាមជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតទាំងនោះ តាមរយៈការឃោសនាព័ត៌មានមិនពិត និងការឃោសនាតាមប្រព័ន្ធអ៊ីនធឺណិត។

គួរបញ្ជាក់ថា ការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និង Ipsos ត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត ជាភាសាអង់គ្លេស នៅទូទាំងសហរដ្ឋអាមេរិក។ ការស្ទង់មតិនេះ មានការចូលរួមឆ្លើយតបពីមនុស្សពេញវ័យចំនួន ១,០០៥នាក់៕