(ប៉េកាំង)៖ ចិនបានប្រកាសពីការរកឃើញ ករណីឆ្លងជំងឺផ្ដាសាយបក្សី H3N8 លើមនុស្សដំបូងគេ បង្អស់នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែអាជ្ញាធរសុខាភិបាល បាននិយាយថា វាមានហានិភ័យទាបណាស់ ក្នុងការឆ្លងរីករាលដាលយ៉ាងទូលំទូលាយ ក្នុងចំណោមមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

ជំងឺផ្ដាសាយបក្សី H3N8 ត្រូវបានគេដឹងថា បានឆ្លងរាតត្បាត ចាប់តាំងពីឆ្នាំ២០០២មកម៉្លេះ បន្ទាប់ពីបានលេចចេញជាលើកដំបូង នៅ ក្នុងហ្វូងសត្វបក្សីទឹក នៅតំបន់អាមេរិកខាងជើង។ វាត្រូវបានគេដឹងថា បានឆ្លងរីករាលដាលលើសត្វដូចជា សេះ ឆ្កែ និងឆ្មាទឹក ប៉ុន្តែមិនធ្លាប់ត្រូវបានគេរកឃើញពីមុនថា បានឆ្លងរីករាលដាលលើមនុស្សនោះទេ។

គណៈកម្មាធិការសុខភាពជាតិចិន (NHC) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ដែលរស់នៅក្នុងខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន បានធ្វើតេស្តវិជ្ជមានចំពោះ ជំងឺគ្រុនផ្ដាសាយបក្សី H3N8 បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីដើមខែមេសានេះ ដោយមានរោគសញ្ញាគ្រុនក្តៅ និងរោគសញ្ញាផ្សេងៗទៀត។

NHC បានបន្ថែមថា គ្រួសាររបស់ក្មេងប្រុសនេះ បានចិញ្ចឹមសត្វមាន់នៅផ្ទះ ហើយរស់នៅក្នុងតំបន់ដែលមានសត្វទាព្រៃច្រើន។ ក្មេងប្រុសនេះ បានឆ្លងជំងឺនេះដោយផ្ទាល់ពីសត្វបក្សី ហើយវាមិនត្រូវបានរកឃើញថា មានសមត្ថភាពក្នុងការឆ្លងរីករាលដាលយ៉ាងទូលំទូលាយ ក្នុងចំណោមមនុស្សនោះទេ។ ការធ្វើតេស្តលើអ្នកដែលទាក់ទងជិតស្និទ្ធ ជាមួយក្មេងប្រុសនេះ ក៏បានរកឃើញថា មិនមានអ្វីខុសប្រក្រតីឡើយ។

ទោះជាយ៉ាងណា NHC បានព្រមានសាធារណជន ឱ្យនៅឱ្យឆ្ងាយពីសត្វបក្សីដែលងាប់ឬឈឺ ហើយស្វែងរកការព្យាបាលភ្លាមៗ ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ឬរោគសញ្ញាផ្លូវដង្ហើម។

គួរបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយបក្សី កើតមានជាចម្បងលើសត្វបក្សីព្រៃ និងបសុបក្សី។ ករណីនៃការឆ្លងរីករាលដាលរវាងមនុស្ស គឺកម្រកើតមានណាស់។ បើតាមអង្គការសុខភាពពិភពលោក (WHO) «ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីពីសត្វគឺ ដោយសារការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលមានមេរោគ ឬបរិស្ថានដែលមានជាតិកខ្វក់ ប៉ុន្តែមិនបណ្តាលឱ្យមាន ការឆ្លងរីករាលដាលយ៉ាងទូលំទូលាយនៃជំងឺនេះ រវាងមនុស្សនោះទេ»៕