(មូស្គូ)៖ Gazprom ដែលជា ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នធម្មជាតិធំជាងគេរបស់រុស្ស៊ី នៅថ្ងៃពុធនេះ បានប្រកាសផ្អាកទាំងស្រុង នូវការនាំចេញឧស្ម័នទៅកាន់ប្រទេសប៊ុលហ្ការី និងប៉ូឡូញ បន្ទាប់ពីប្រទេសទាំងពីរ បានបដិសេធមិនធ្វើការទូទាត់ប្រាក់ជាប្រាក់រូបិ៍ល (Ruble)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Gazprom ការផ្គត់ផ្គង់នឹងមិនបន្តឡើងវិញឡើយ រហូតទាល់តែទីក្រុងសូហ្វីយ៉ា (Sofia) និងវ៉ាសូវី (Warsaw) គោរពតាមលក្ខខណ្ឌថ្មីរបស់រុស្ស៉ី។ ក្រុមហ៊ុន Gazprom ក៏បានព្រមានដែរថា ប្រសិនបើប្រទេសប៊ុលហ្គារី និងប៉ូឡូញ ហ៊ានផ្ទេរឧស្ម័នដែលបង្ហូរឆ្លងកាត់ប្រទេសរបស់ពួកគេ សម្រាប់ប្រទេសផ្សេងទៀត ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់ ទៅតាមបរិមាណឧស្ម័នដែលប្រទេសទាំងពីរ បានផ្ទេរយកដោយខុសច្បាប់។

គួរបញ្ជាក់ថា កាលពីខែមុន ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទាមទារឱ្យបណ្ដាប្រទេសអមិត្តរបស់ខ្លួនទាំងអស់ ទូទាត់ប្រាក់សម្រាប់ឧស្ម័នរុស្ស៊ីជាប្រាក់រូបិ៍ល។ លោកពូទីន ថែមទាំងបានព្រមានថា ការមិនគោរពតាមលក្ខខណ្ឌផ្លាស់ប្តូររូបិយប័ណ្ណ នឹងមានន័យថាប្រទេសដែលរងផលប៉ះពាល់ មានហានិភ័យខ្ពស់ក្នុងការបាត់បង់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី៕