(សេអ៊ូល)៖ បេសកជនចិនទទួលបន្ទុកកិច្ចការកូរ៉េ បានលើកឡើងអំពីក្តីបារម្ភរបស់ទីក្រុងប៉េកាំង ជុំវិញស្ថានការណ៍តានតឹងឡើងវិញ នៅឯឧបទ្វីបកូរ៉េ ដែលចាំបាច់ត្រូវតែដោះស្រាយ ខណៈលោកបានទៅដល់ទីក្រុងសេអ៊ូល សម្រាប់កិច្ចពិភាក្សានៅសប្តាហ៍នេះ។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

ចំពោះមុខភាពជាប់គាំងនៃកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លែអ៊ែរ, ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធ យ៉ាងគគ្រឹកគគ្រេងក្នុងឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ស្របពេលដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានព្រមានថា កូរ៉េខាងជើងក៏កំពុងត្រៀមខ្លួន ក្នុងការសាកល្បងនុយក្លែអែរសាជាថ្មីទៀតផង។

លោក លីវ សាវមីង (Liu Xiaoming) តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការកូរ៉េ បានប្រាប់អ្នកយកព័ត៌មាន នៅឯអាកាសយានដ្ឋាន ទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា «ក្តីកង្វល់ស្របច្បាប់ និងសមហេតុផលរបស់ភាគីទាំងអស់ ចាំបាច់ត្រូវតែទទួលយក ដើម្បីឲ្យមានដំណោះស្រាយនយោបាយ»

លោក Liu បានបង្ហោះសេចក្តីសង្ខេប នៃការអត្ថាធិប្បាយរបស់លោក នៅលើបណ្តាញ Twitter ថា «យើងអំពាវនាវឲ្យភាគីទាំងអស់ រក្សាភាពនឹងនរ និងប្រកាន់ការអត់ធ្មត់ ហើយយើងមិនយល់ស្រប ចំពោះសកម្មភាពរបស់ភាគីណាមួយ ដែលអាចបង្កើនភាពតានតឹង នោះទេ»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់បេសកជនចិន ទៅកាន់ប្រទេសកូរ៉េខាងត្បូនាពេលនេះ ធ្វើឡើងចំពេលដែលភាពតានតឹង នៅឯឧបទ្វីបកូរ៉េ កាន់តែកើនឡើង ខណៈលោកនឹងត្រូវនឹងជួបជាមួយ តំណាងរបស់ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងផងដែរ៕