(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ បានសម្រេចបើកព្រំដែនរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញហើយ បន្ទាប់ពីការបិទ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេលជាង ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។

មនុស្សជាច្រើន បានធ្វើដំណើរមកដល់អាកាសយានដ្ឋានទីក្រុងអុកលែនដ៍ (Auckland) នៅថ្ងៃចន្ទនេះ ជាមួយក្ដីសប្បាយរីករាយ ដោយបានជួបជុំជាមួយគ្រួសារ និងមិត្តភក្តិរបស់ពួកគេឡើងវិញ។ មនុស្សមកពីជាង ៦០ប្រទេស នាពេលឥឡូវនេះ អាចចូលមកកាន់ ប្រទេសនូវែលសេឡង់បានហើយ ប្រសិនបើពួកគេមានវិញ្ញាបនបត្របញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងរួចរាល់ និងបានធ្វើតេស្តឃើញលទ្ធផលអវិជ្ជមានចំពោះជំងឺ COVID-19។ រីឯពលរដ្ឋ នូវែលសេឡង់អាចធ្វើដំណើរចេញ-ចូលបាន តាំងពីខែមីនាមកម្ល៉េះ ខណៈពលរដ្ឋអូស្ត្រាលី ត្រូវបានអនុញ្ញាត ឱ្យចូលតាំងពី ខែមេសា។

បុរសជនជាតិអាមេរិកម្នាក់ បាននិយាយថា គាត់បានធ្វើដំណើរពីទីក្រុងស៉ីនស៉ីនណាទី (Cincinnati) នៃរដ្ឋអូហៃអូ (Ohio) របស់សហរដ្ឋអាមេរិក ដើម្បីមកជួបជុំជាមួយដៃគូរបស់លោក។ លោកបានរង់ចាំតាំងពីខែកុម្ភៈ ឆ្នាំ២០២០មកម៉្លេះ នៅពេលដែលលោកបានដាក់ពាក្យសុំទិដ្ឋាការ។ លោក David Benson បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ដូច្នេះថា «ទីបំផុតខ្ញុំបានមកដល់ទីនេះហើយ នៅថ្ងៃនេះ។ នេះជាលើកដំបូងរបស់ខ្ញុំនៅទីនេះ។ ទីបំផុត ខ្ញុំបានមកនៅផ្ទះហើយ។ វាជាអារម្មណ៍ដ៏ល្អបំផុត ដែលខ្ញុំមិនធ្លាប់មាន»

រីឯបុរសជនជាតិអង់គ្លេសមា្នក់ឈ្មោះ ហ្កាត ហាលីដេ (Garth Halliday) ដែលបានរស់នៅក្នុងប្រទេសនូវែលសេឡង់ អស់រយៈពេល ៣០ឆ្នាំមកហើយ បាននិយាយថា លោកនិងប្រពន្ធរបស់លោក កំពុងឈរនៅឯអាកាសយានដ្ឋាន ដើម្បីរង់ចាំទទួលស្វាគមន៍កូនប្រុស កូនប្រសាស្រី និងចៅប្រុសអាយុ ១៨ខែ។ លោកបានបន្ថែមថា «អ្នកកាន់តែចាស់ គ្រួសារកាន់តែសំខាន់ ហើយខ្ញុំកាន់តែ ចាស់ទៅៗហើយ។ ពួកយើងមានគ្រួសារបីជំនាន់ ដែលទីបំផុតអាចរស់នៅជាមួយគ្នាហើយ នាពេលឥឡូវនេះ»

គួរបញ្ជាក់ថា ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 នូវែលសេឡង់ បានបិទព្រំដែនរបស់ខ្លួន កាលពីខែមីនា ឆ្នាំ២០២០ ដោយសូម្បីតែពលរដ្ឋរបស់ខ្លួន ក៏ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ជាច្រើនសប្តាហ៍ផងដែរ មុនពេលចូលមកកាន់ប្រទេស កាលពីអំលុងពេលនោះ៕