(វ៉ាស៉ីនតោន)៖ យានអវកាស SpaceX ដែលផ្ទុកអវកាសយានិក៤រូប បានចុះមកដល់ផ្ទៃផែនដីវិញ ដោយសុវត្ថិភាព ក្រោយចាកចេញពី ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

នាថ្ងៃសុក្រនេះ យាន Crew Dragon បានទម្លាក់ខ្លួនចុះមកដល់លើ ផ្ទៃឈូងសមុទ្រម៉ិកស៉ិក នៅក្បែរឆ្នេររដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ជាមួយអវកាសយានិកអាមេរិក៣នាក់ របស់ទីភ្នាក់ងារអវកាស NASA និងអវកាសយានិកអាល្លឺម៉ង់ម្នាក់ មកពីទីភ្នាក់ងារអវកាសអឺរ៉ុប ESA បន្ទាប់ពីការធ្វើដំណើរជាង២៣ម៉ោង ក្រោយចាកចេញពីស្ថានីយ ISS។

គួរបញ្ជាក់ថា វាគឺជាការបិទបញ្ចប់បេសកកម្មរយៈពេល៦ខែ របស់អ្នកទាំង៤ បន្ទាប់ពីពួកគេបានទៅដល់ស្ថានីយអវកាសអន្តរជាតិ កាលពីខែវិច្ឆិកា ឆ្នាំមុន។ វាក៏ជាបេសកកម្មស្នាក់នៅរយៈពេលយូរ លើកទី៣ផងដែរ ដែលធ្វើឡើងដោយក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX ទៅកាន់ស្ថានីយ ISS សម្រាប់ទីភ្នាក់ងារអវកាស NASA៕