(ប៉េកាំង)៖ អាជ្ញាធរចិន បាននិយាយនៅថ្ងៃសុក្រនេះថា ករណីបាក់រលំអគារ ក្នុងទីក្រុង ឆាងសា (Changsha) ប្រទេសចិន បានបណ្តាលឲ្យមនុស្សចំនួន៥៣នាក់ស្លាប់ ខណៈដែលក្រុមមន្រ្តីជំនាញបន្ទោសទៅលើសំណង់ខុសច្បាប់ នៅពេលបញ្ចប់

ប្រតិបត្តិការជួយសង្រ្គោះរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

អគារពាណិជ្ជកម្មក្នុងទីក្រុង Changsha បានដួលរលំ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈក្រុមសង្រ្គោះបានព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត ពីបំណែកនៃកម្ទេចថ្ម និងដែក។ បើតាមទូរទស្សន៍រដ្ឋ CCTV, «ការស្វែងរកបានបិទបញ្ចប់
ដែលក្នុងនោះ មនុស្សចំនួន៥៣នាក់បានស្លាប់ និង១០នាក់ត្រូវបានជួយសង្រ្គោះ ហើយមនុស្សដែលជាប់គាំងក្នុងអគារ ឬ បាត់ខ្លួន ត្រូវបានរកឃើញទាំងអស់»។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ប្រតិបត្តិការនេះ, មន្រ្តីជាន់ខ្ពស់នៃគណបក្សកម្មុយនីសចិន លោក វូ គួយអីង (Wu Guiying) បានដឹកនាំគណៈប្រតិភូនៃទីក្រុងផ្សេងទៀត ធ្វើការគោរពសុំអភ័យទោសចំពោះឧបទ្ទវហេតុនេះ និងវិញ្ញាក្ខន្ធ
នៃជនរងគ្រោះ។ លោក Wu និង ក្រុមមន្រ្តី បានសន្យាថា នឹងសហការគ្នាយ៉ាងពេញលេញ ដើម្បីស៊ើបអង្កេតឲ្យបានហ្មត់ចត់ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ រួមទាំងផ្តល់ការពន្យល់ប្រកបដោយភាពទទួលខុសត្រូវ។

គួរបញ្ជាក់ថា ប្លុកនៃអគារបាក់រលំនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏មមាញឹក ហើយហេដ្ឋារចនាសម្ព័ន្ធជុំវិញមានភាពស្មុកស្មាញ។ ក្រោយពីមានហេតុការណ៍នេះ បានបន្សល់ទុកកម្ទេចកម្ទី និង ធ្នឹមបេតុងយ៉ាងរញ៉រញ៉ៃ នៅលើផ្លូវចូលទៅកាន់ទីតាំងនោះ៕