(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិកបានឱ្យដឹងថា ការចែករំលែកព័ត៌មានសម្ងាត់ ពីសំណាក់ទីក្រុងវ៉ាស៉ីនតោន បានជួយអ៊ុយក្រែនបាញ់ពន្លិច នាវាចម្បាំងរុស្ស៉ី ម៉ូស្វា (Moskva) កាលពីពេលកន្លងទៅ ខណៈហេតុការណ៍នោះ ត្រូវបានចាត់ទុកជា ករណីដ៏អាម៉ាស់មួយសម្រាប់ទីក្រុងមូស្គូ កំលុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NBC នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

នាវាចម្បាំងបំពាក់មីស៉ីលគ្រូសខាងលើ ដែលផ្ទុកនាវិក៥១០នាក់ គឺជានាវាតំណាងឱ្យមុខមាត់ នៃកងនាវាប្រចាំសមុទ្រខ្មៅ របស់កងទ័ពជើងទឹករុស្ស៉ី។ បើតាមក្រុមន្រ្តីអាមេរិក នាវាចម្បាំងនេះបានលិចចូលសមុទ្រ កាលពីថ្ងៃទី១៤ ខែមេសា ក្រោយទទួលរងការវាយប្រហារ ពីមីស៉ីលប្រឆាំងនាវាចំនួន ២គ្រាប់ របស់អ៊ុយក្រែន។ ទីក្រុងមូស្គូបានអះអាងថា នាវា Moskva បានលិចដោយសារ គ្រោះអគ្គិភ័យ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តីទីក្រុងវ៉ាស៉ីនតោន ការវាយប្រហារមីស៉ីលនោះ បានកើតឡើង បន្ទាប់ពីយោធាអ៊ុយក្រែន បានសួរនាំយោធាអាមេរិកអំពី នាវាមួយគ្រឿងធ្វើដំណើរនៅសមុទ្រខ្មៅ ភាគខាងត្បូងទីក្រុងអូដេសា (Odesa)។ ភាគីអាមេរិកបានកំណត់អត្តសញ្ញាណឃើញថា វាគឺជានាវាចម្បាំង Moskva ហើយក៏ជួយបញ្ជាក់ពីទីតាំង នៃនាវាចម្បាំងរុស្ស៉ីនោះ ដែលក្រោយមក ភាគីអ៊ុយក្រែន ក៏បានវាយប្រហារលើវាតែម្តង។

ក្រុមមន្រ្តីអាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានដឹងជាមុនថា អ៊ុយក្រែននឹងកំណត់គោលដៅវាយប្រហារលើនាវា Moskva ឡើយ ហើយមិនបានចូលរួមពាក់ព័ន្ធ ក្នុងការសម្រេចចិត្តវាយប្រហារនោះទេ ខណៈព័ត៌មានសម្ងាត់ ដែលត្រូវបានចែករំលែកជាមួយអ៊ុយក្រែន គឺធ្វើឡើងក្រោមគោលដៅ ដើម្បីតែជួយអ៊ុយក្រែន ការពារខ្លួនប្រឆាំងការវាយប្រហារ ពីក្រុមនាវាចម្បាំងរុស្ស៉ីប៉ុណ្ណោះ។

គួរបញ្ជាក់ថា មកទល់ពេលនេះ យោធាជើងទឹករបស់រុស្ស៉ី បានបាត់បង់នាវាយ៉ាងហោច២គ្រឿង រួមជាមួយកាណូតប្រយុទ្ធប៉ុន្មានគ្រឿង កំលុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន៕