(ប៉េកាំង)៖ ថ្ងៃទី៥ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការប្រជុំអំពីបញ្ហាអ៊ុយក្រែន។ លោក Zhang Jun តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនកម្លាំងខិតខំប្រឹងប្រែង ដើម្បីជំរុញការឈប់បាញ់គ្នា និងកាត់បន្ថយឥទ្ធិពលមនុស្សធម៌ ដែលបណ្តាលមកពីការប៉ះទង្គិចដល់កម្រិតទាបបំផុត ហើយបានបញ្ជាក់ថា វិបត្តិអ៊ុយក្រែនបានទុកជាមេរៀនដ៏ជ្រាលជ្រៅ គួរអោយមានការគិតពិចារណាឡើងវិញដោយហ្មត់ចត់។

លោក Zhang Ju បានបញ្ជាក់ថា អង្គការណាតូបានពង្វាតធំទៅខាងកើតម្តងហើយម្តងទៀត ក្រោយពីសង្គ្រាមត្រជាក់ វាមិនត្រឹមតែមិនបានឱ្យអឺរ៉ុបមានសន្តិសុខប៉ុណ្ណោះទេ ថែមទាំងក៏សាបព្រួសគ្រាប់ពូជនៃការប៉ះទង្គិចទៀតផង។ អង្គការណាតូបានអះអាថថា ខ្លួនជាអង្គការក្នុងលក្ខណៈការពារ តែបែរជាបង្ករសង្គ្រាមចំពោះប្រទេសមានអធិបតេយ្យ តាមទំនើងចិត្ត បណ្តាលអោយមានមនុស្សស្លាប់ និងរងរបួសជាច្រើន ព្រមទាំងកើតមានគ្រោះមហន្តរាយមនុស្សធម៌ផងដែរ។

លោក Zhang Ju បានថ្លែងថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៩ អង្គការណាតូបានទម្លាក់គ្រាប់បែកលើ ស្ថានទូតចិនប្រចាំសហព័ន្ធយូហ្គោស្លាវី បណ្តាលអោយអ្នកសារព័ត៌មានចិន៣នាក់ស្លាប់ បុគ្គលិកការទូតចិនជាង២០នាក់រងរបួស។ ប្រជាជនចិនមិនអាចបំភ្លេចបាន នូវអំពើហឹង្សាដ៏ព្រៃផ្សៃនេះទេ ហើយក៏មិនអនុញ្ញាតអោយប្រវត្តិសាស្ត្របែបនេះ កើតឡើងម្តងទៀតជាដាក់ខាតផងដែរ៕