(វីយែន)៖ នាយករដ្ឋមន្រ្តីហុងគ្រី លោក វ៉ិចទ័រ អក់បាន (Viktor Orban) បាននិយាយនៅថ្ងៃសុក្រនេះថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) លើវិស័យថាមពលរបស់រុស្ស៉ី គឺជាបន្ទាត់ក្រហមមួយសម្រាប់ប្រទេសរបស់លោក។ នេះបើយោងតាមការចុះ របស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

ថ្លែងប្រាប់វិទ្យុ Kossuth របស់ហុងគ្រី លោកនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ខ្ញុំទទួលយកចំពោះកញ្ចប់ទណ្ឌកម្មទាំងប្រាំ របស់សហភាពអឺរ៉ុប ប៉ុន្តែខ្ញុំធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ពីដំបូងថា ការដាក់ទណ្ឌកម្មលើវិស័យថាមពលនេះគឺជាបន្ទាត់ក្រហមមួយ ដោយសង្កត់ធ្ងន់ថា ទីក្រុងប៊ុយដាប៉ែស (Budapest) នឹងមិនគាំទ្រការហាមប្រាមលើវិស័យថាមពលរបស់រុស្ស៉ីនោះទេ»។ លោកបន្ថែមថា «ទណ្ឌកម្មនេះ គឺប្រៀបបាននឹងការដាក់គ្រាប់បែកបរមាណូ លើសេដ្ឋកិច្ចរបស់ហុងគ្រី ហើយប្រទេសនីមួយៗមានសិទ្ធិ និងអធិបតេយ្យភាព ក្នុងការកំណត់តុល្យភាពថាមពលរបស់ខ្លួន»។ លោក Orban ក៏បានបញ្ជាក់ដែរថា ទណ្ឌកម្មដែលដាក់ចេញដោយសហភាពអឺរ៉ុប គឺប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប ជាងរុស្ស៉ី។

គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានស្នើដល់បណ្តាប្រទេសសហភាពអឺរ៉ុប បញ្ឈប់ការនាំចូលប្រេងពីរុស្ស៉ី ក្នុងរយៈពេល៦ខែ និង ផលិតផលប្រេងនៅឆ្នាំ២០២៣ ក្នុងកញ្ចប់ទណ្ឌកម្មទី៦របស់ខ្លួន ខណៈដែលហុងគ្រី, ស្លូវ៉ាគី ក៏ដូចជាអូទ្រីសជំទាស់ លើបម្រាមនៃការនាំចូលប្រេងនេះ៕