(កៀវ)៖ អភិបាលតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សរហូតដល់ ៦០នាក់ត្រូវបានគេភ័យខ្លាចថា បានស្លាប់បាត់បង់ជីវិតនៅក្រោមគំនរបែកបាក់ ក្រោយការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើសាលារៀនភូមិមួយ នៅក្នុងខេត្តភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២។

អភិបាលខេត្ត លោក Serhiy Gaidai បាននិយាយថា កាលពីរសៀលថ្ងៃសៅរ៍កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកមួយគ្រាប់ទៅលើសាលារៀនមួយក្នុងទីក្រុង Bilohorivka ជាកន្លែងដែលមនុស្សប្រហែល ៩០នាក់កំពុងជ្រកកោន បណ្តាលឱ្យមានអគ្គីភ័យឆាបឆេះអគារនោះ។

លោក Gaidai បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា «ភ្លើងត្រូវបានពន្លត់ បន្ទាប់ពីបានឆេះជិត ៤ម៉ោង ដោយជាអកុសលសាកសពមនុស្សពីរនាក់ត្រូវបានរកឃើញ»។

អភិបាលរូបនេះបានបញ្ជាក់ថា «មនុស្ស៣០នាក់ត្រូវបានជម្លៀសចេញពីគំនរបាក់បែក ក្នុងនោះ ៧នាក់បានរងរបួស ខណៈ ៦០ នាក់ទៀត ទំនង ជា បាន ស្លាប់ ក្រោម គំនរ បាក់បែក អគារ»៕