(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានផ្ញើសារលិខិតគារវកិច្ច ក្នុងឱកាសខួបលើកទី៧៧ នៃ «ទិវាជ័យជម្នះ៩ ឧសភា» ដល់មេដឹកនាំ និងប្រជាពលរដ្ឋនៃប្រទេសនានា រួមមាន អាស៊ែបៃហ្សង់, អាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៉ីស៉ីស្ថាន , ម៉ុលដាវី, តាហ្ស៉ីគីស្ថាន, តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

សារលិខិតខាងលើដដែល បានឱ្យដឹងថា «នៅក្នុងការអបអរសាទររបស់លោក ប្រធានាធិបតីរុស្ស៉ី បានធ្វើកត់សម្គាល់ជាពិសេសថា នៅថ្ងៃនេះ យើងបានបង្ហាញពីការគោរពរបស់យើងចំពោះកងទ័ពដែលពលី ដើម្បីកម្ចាត់លទ្ធិណាហ្ស៉ី»។ លោកក៏បានបង្ហាញពីការគោរពដល់អតីតយុទ្ធជន អ៊ុយក្រែននៃសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យនេះផងដែរ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ រុស្ស៉ីបានធ្វើការហាត់សមចុងក្រោយ សម្រាប់ការដើរព្យុហយាត្រាយោធាដ៏ធំសម្បើម ដើម្បីប្រារព្ធទិវាជ័យជម្នះ ឆ្នាំ២០២២នេះ។ បើតាមក្រសួងការពារជាតិរុស្ស៉ី មនុស្សប្រហែល ១១,០០០នាក់, អាវុធចំនួន ១៣១ប្រភេទ និងឧបករណ៍យោធា ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន ៧៧គ្រឿងបានចូលរួមក្នុងការហាត់សមនេះ។

គួរបញ្ជាក់ថា រុស្ស៉ី តែងតែដើរព្យុហយាត្រាយោធានៅថ្ងៃទី៩ ខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត ក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យប្រឆាំងនឹងកងទ័ពណាហ្ស៉ី និងអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២។ ទិវាជ័យជម្នះឆ្នាំ២០២២នេះ បានកើតឡើងចំពេលដែលជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែនកំពុងបន្តនៅឡើយ៕