(កូឡុំបូ)៖ អតីតនាយករដ្ឋមន្រ្តីស្រីលង្កា លោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) ដែលទើបតែបានលាលែងចេញពីតំណែង នឹងមិន ចាកចេញពីប្រទេសនោះទេ បើទោះជាអំពើហិង្សាកាន់តែមានសភាពធ្ងន់ធ្ងន់ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានវាយប្រហារលើក្រុមបាតុករប្រឆាំង រដ្ឋាភិបាលក៏ដោយ។ នេះបើយោងតាមកូនប្រុសរបស់លោក Mahinda ដកស្រង់ផ្សាយចេញពីសារព័ត៌មាន AFP នៅថ្ងៃពុធ ទ១១ ខែឧសភា ឆ្នាំ២០២២។

លោក ម៉ាហ៊ីនដា ត្រូវបានយោធាជម្លៀសចេញពីវិមានរដ្ឋាភិបាល កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីត្រូវបានឡោមព័ទ្ធដោយក្រុមបាតុករដែលមាន ការខឹងសម្បារយ៉ាងខ្លាំងលើរូបលោក។ តែទោះបីជាបែបនេះក្តី លោក ណាម៉ាល់ (Namal) ដែលជាកូនប្រុសរបស់លោក ម៉ាហ៊ីនដា និងដែលធ្លាប់ ចាត់ទុកខ្លួនឯងជាអនាគតមេដឹកនាំស្រីលង្កា បានអះអាងថា ក្រុមគ្រួសារ Rajapaksa មិនមានគម្រោងចាកចេញពីប្រទេសស្រីលង្កាទេ ទោះបីជាមាន ការតវ៉ាជាច្រើនសប្តាហ៍ ដើម្បីទាមទារឱ្យពួកគេបោះបង់អំណាចក៏ដោយ។

លោក ណាម៉ាល់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP យ៉ាងដូច្នេះថា «មានពាក្យចរចាមអារ៉ាមជាច្រើនថា ពួកយើងនឹងចាកចេញពីប្រទេស ប៉ុន្តែ ពួកយើងនឹងមិនចាកចេញឡើយ»។ លោកបន្ថែមថា ឪពុករបស់លោកនឹងមិនបោះបង់ចោលតំណែងជាសមាជិកសភាឡើយ ហើយចង់នឹងដើរតួនាទី យ៉ាងសកម្មក្នុងការជ្រើសរើសអ្នកស្នងតំណែងបន្ត។

គួរបញ្ជាក់ថា លោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា មានអាយុ ៧៦ឆ្នាំ គឺជាមេដឹកនាំក្រុមនយោបាយកាន់អំណាច ក្នុងប្រទេសស្រីលង្កា ប៉ុន្តែអំណាចរបស់លោក បានរង្គោះរង្គើរ ហើយបានសម្រេចចិត្តលាលែកចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីដើមសប្ដាហ៍នេះ ដោយសារតែវិបត្តិសេដ្ឋដ៏អាក្រក់បំផុត ចាប់តាំងពីប្រទេសនេះបានទទួលឯករាជ្យនៅឆ្នាំ១៩៤៨៕